លុយអឺរ៉ូ និងដុល្លារអាមេរិក មានតម្លៃស្មើគ្នាជាលើកដំបូងមិនធ្លាប់មាន ជាប្រវត្តិសាស្ត្រ

ដោយៈ សុខុម

ញូវយ៉ក: វាពិតជាស្ទើរមិនគួរឱ្យជឿ ដែលអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណអឺរ៉ូ (Euro) របស់សហភាពអឺរ៉ុប និងរូបិយប័ណ្ណដុល្លារអាមេរិក បានឈានដល់ចំណុចស្មើគ្នា ពោលគឺមានតម្លៃស្មើគ្នាជាលើកដំបូង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ២០ឆ្នាំមកនេះ។

អត្រាប្ដូរប្រាក់របស់រូបិយ័ណ្ណអឺរ៉ូ គឺស្មើនឹង១ដុល្លារអាមេរិក ដោយធ្លាក់ថ្លៃប្រមាណ១២% ចាប់តាំងពីដើមឆ្នាំ២០២២ មក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា។

ការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុប មានកាន់តែខ្លាំងឡើងដោយសារអតិផរណាហក់ឡើងខ្ពស់ និងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ថាមពលដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហភាពអឺរ៉ុប ដែលតម្រូវការឧស្ម័នប្រមាណ៤០% របស់ខ្លួនទិញពីរុស្ស៊ី មុនពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី។ ជាមួយគ្នានេះ ប្រទេសរុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ហើ​យថ្មីៗនេះ បានកាត់បន្ថយការបញ្ជូនឧស្ម័ន តាមបំពង់បង្ហូរNord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ ដល់ទៅ៦០%។

ពេលនេះ ផ្នែកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធ នាំចូលឧស្ម័ននៅអឺរ៉ុប ត្រូវបានបិទ សម្រាប់ធ្វើការជួសជុលរយៈពេល១០ថ្ងៃមកហើយ ហើយក្រុមមន្ត្រីអាល្លឺម៉ង់បារម្ភថា វាប្រហែលជាមិនបើកឡើងវិញឡើយ។

វិបត្តិថាមពលនេះកើតឡើង ស្របជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ច ដែលបានធ្វើឱ្យមន្ទិលថា តើធនាគារកណ្តាលអឺរ៉ុប (ECB) អាចនឹងរឹតបន្តឹងគោលនយោបាយឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយអតិផរណាឬយ៉ាងណា។

ធនាគារកណ្តាលអឺរ៉ុប (ECB) បានប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ក្នុងខែនេះ ដែលជាលើកដំបូង មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១ ខណៈអត្រាអតិផរណា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នេះស្ថិតនៅកម្រិត៨,៦%៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here