រាជរដ្ឋាភិបាលកំណត់យកវិស័យយានយន្តនិងអេឡិចត្រូនិកជាវិស័យអាទិភាពសម្រាប់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃតំបន់និងសកល

ដោយៈ សុផារី

ភ្នំពេញៈ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភព ដែលមានសក្តានុពល សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។

នេះបើតាមការប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសពិភាក្សា លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា បាននិងកំពុងបន្តពិនិត្យ និងពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែម ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិ​បត្តិការយ៉ាងល្អប្រសើររបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក ដែលបានចូលរួមផ្តល់ធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដ៏មានសារៈសំខាន់នេះឡើង ព្រោះរាជរដ្ឋាភិបាលបានកំណត់ យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ការចូលរួម ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។

នៅក្នុងកិច្ចពិភាក្សា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់នូវធាតុចូលបន្ថែម លើសេចក្តីព្រាងព្រាងផែនទីបង្ហាញផ្លូវ និងបានបង្ហាញនូវជំហរគាំទ្រឯកសារនេះថា ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញនៅក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here