សេណារីយ៉ូចំនួនពីរត្រូវបានដាក់ចេញ ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសេណារីយ៉ូចំនួនពីរ ដើម្បីរៀបចំស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ខណៈវិស័យទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេស នៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានបណ្តើរៗ។

នេះបើយោងតាមការរាយការណ៍របស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

លោកបានបន្តថា ប្រទេសកម្ពុជាផ្ដោតសំខាន់ការរៀបចំស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា នឹងផ្អែកតាមសេណារីយ៉ូសំខាន់​ៗចំនួន២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទិត ចន្ថា មានប្រសាសន៍ថា សេណារីយ៉ូទី១ ក្នុងករណីសភាពការណ៍ពិភពលោក និងតំបន់មានសភាពប្រសើរឡើង តាមរយៈការសម្រួល ការធ្វើដំណើរ (ពិសេសការដកចេញនូវគោលនយោបាយគ្មានកូវីដ-១៩ – Zero-COVID Policy) របស់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ) វិស័យទេសចរណ៍កម្ពុជារំពឹង ថាអាចនឹងឈានទៅងើបឡើងវិញ និងទទួលបានចំនួនទេសចរអន្តរជាតិប្រមាណ៧លាន នាក់នៅឆ្នាំ២០២៦។

លោកបន្តថា សេណារីយ៉ូទី២ ផ្ទុយមកវិញករណីសភាពការណ៍ពិភពលោក និងតំបន់មិនទាន់មានសភាពល្អប្រសើរ សម្រាប់ការធ្វើដំណើរ (ពិសេស ការដកចេញនូវគោលនយោបាយគ្មានកូវីដ-១៩ – Zero COVID Policy) របស់ប្រទេសចិន នៅក្រោយឆ្នាំ២០២៣) វិស័យទេសចរណ៍កម្ពុជារំពឹងថាអាចនឹងឈានទៅងើបឡើងវិញ និងទទួលបានចំនួនទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៧។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២១ ទេសចរជាតិចេញ ទៅក្រៅប្រទេសមានចំនួន១៨ម៉ឺននាក់ ថយចុះ៨៦,៦​% ធៀបនឹងឆ្នាំ២០២០។ សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនប្រមាណ៥០ម៉ឺននាក់ កើនឡើង៣៩៤,១​% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ផ្លូវអាកាស២៤ម៉ឺននាក់ កើនឡើង៤២០,៣% ផ្លូវគោក២៦ម៉ឺននាក់ កើនឡើង៣៦៤,៤% ផ្លូវទឹក៥ពាន់នាក់ កើនឡើង២៣០,៤%។

ចំនួនទេសចរផ្ទៃក្នុង (Internal Tourist) សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរជាតិ ដែលបានធ្វើដំណើរកម្សាន្តតាមបណ្ដារមណីយ  ដ្ឋាននានាទូទាំងប្រទេស មានចំនួន៦,៣លាននាក់ កើនឡើង២១៨,៣% និងទេសចរ បរទេសចំនួន៦៨ម៉ឺននាក់ កើនឡើង៣៨០,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here