អាមេរិកបន្តដុតបញ្ហាកោះតៃវ៉ាន់ រដ្ឋាភិបាលចិនធ្វើសមយុទ្ឋដើម្បីបង្ហាញសាច់ដុំ

ដោយៈ គង់ សូរិយា

ប្រទេសចិនៈ ជាបន្តបន្ទាប់ សហរដ្ឋអាមេរិកតែងតែបញ្ជូនប្រតិភូជាន់ខ្ពស់ជាច្រើនទៅទស្សនកិច្ចកោះតៃវ៉ាន់ ដែលពួកគេចាត់ទុកជាកូនអុកប្រឆាំងចិន។

ជាការឆ្លើ់យតបយោធាចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនទើបតែបានធ្វើសមយុទ្ធយោធាចម្រុះមួយ នៅលើដែនទឹក និងដែនអាកាស ក្បែរកោះតៃវ៉ាន់ ខណៈដែលសមាជិកជាន់ខ្ពស់ម្នាក់ នៃព្រឹទ្ធសភាអាមេរិក បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)។

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ វូ ឈាន (Wu Qian) បាននិយាយថា សមយុទ្ធខាងលើ ដែលត្រូវបានប្រកាសដោយ ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន គឺត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះ “សកម្មភាពគប់គិត និងបង្កហេតុ”រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកWu លើកឡើងបែបនេះទំនងជាចង់សំដៅលើ ដំណើរទស្សនកិច្ចនាថ្ងៃសុក្រនេះរបស់លោក រីគ ស្កុត (Rick Scott) ដែលជាសមាជិកជាន់ខ្ពស់នៃព្រឹទ្ធសភាអាមេរិក។

អ្នកនាំពាក្យចិនរូបនេះបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Scott បានបង្កការខូចខាតជាខ្លាំង ចំពោះទំនាក់ទំនងចិន-អាមេរិក ហើយថែមទាំងបង្កើនភាពតានតឹង នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

លោក Wu Qian បានបញ្ជាក់ថា យោធាចិនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅគ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរារាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់ ហើយការពារជាដាច់ខាតនូវ អធិបតេយ្យនិងបូរណភាពទឹកដីរបស់ជាតិ។

រដ្ឋាភិបាលតៃវ៉ាន់ តែងតែបានរិះគន់ លើការបង្កើនសកម្មភាពយោធា និងការដាក់សម្ពាធផ្នែកនយោបាយរបស់ចិន ដែលមានគោលដៅព្យាយាមបង្ខំឱ្យដែនកោះនេះ ទទួលយកអធិបតេយ្យរបស់ចិន ខណៈទីក្រុងតៃប៉ិបានបង្ហាញជំហរយ៉ាងច្បាស់ថា មានតែប្រជាជនទាំង២៣លាននាក់របស់ខ្លួនផ្ទាល់ប៉ុណ្ណោះ ដែលមានសម្រេចពីអនាគតរបស់ពួកគេបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here