រដ្ឋាភិបាលទុកពេល៣ខែឱ្យម្ចាស់រថយន្តចង្កូតស្តាំចូលបង់ពន្ធ និងកម្ទេចចោលរថយន្តចង្កូតស្តាំលួចនាំចូលថ្មីក្រោយថ្ងៃទី៦ ខែកក្កដា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចទុករយៈពេល៣ខែ ឲ្យម្ចាស់រថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា ចូលបង់ពន្ធដោយ មិនចាំបាច់កែ
ចង្កូតពីស្តាំទៅឆ្វេងនោះទេ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានឯកភាពឱ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់នៅកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាត ចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធ ត្រូវទៅបង់បង្រ្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ដោយទុកឱសានវាទ រយៈពេល៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលបានសម្រេច មិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាត ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ និងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាប់ឃាត់រថយន្តចង្កូតស្តាំ ដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថាមិនឱ្យមានរថយន្តចង្កូតស្តាំបន្តនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ។ ក្នុងករណីបំពាន ត្រូវចាប់រឹបអូសរថយន្ត ដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយ នឹងត្រូវកម្ទេចចោល។

បន្ថែមលើនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះគ្រប់បុគ្គលឬនីតិបុគ្គល ទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។

ចាប់ពីថ្ងៃផ្តើមយុទ្ធនាការប្រមូលពន្ធលើរថយន្តអត់ពន្ធ នៅខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដែលមានរយៈពេលប្រមាណ១០ខែ រថយន្តដែលបានចូលមកបង់ពន្ធអាករ និងកក់ប្រាក់មានចំនួន៩.៧៥៣គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេងមានចំនួន២.៧១៣គ្រឿង ទទួលបានប្រាក់ពន្ធជិត៣៥លានដុល្លារ និងចង្កូតស្តាំមកកក់ប្រាក់ ចំនួន៧.០៤០គ្រឿង ដែលទទួលបានថវិកា៤១,៥៦លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here