កម្ពុជានិងឡាវប្តេជ្ញាលើសកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងឡាវ នៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀតលើវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសមភាគីឡាវ លោក Saleumxay Kommasith ក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងភ្នំពេញ។

ប្រទេសទាំង២ ប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញក្រោយការរាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីទាំងពីរបានសន្យារួមគ្នាលើកកំពស់ សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងសហគមន៍អាស៊ាន (សមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍) និងលើសពីនេះ ប្រទេសទាំង២ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំ។

ក្រៅពីនេះ ប្រទេសទាំង២បានឯកភាពបង្កើន ការគ្រប់គ្រងព្រំដែនក្នុងទឹកដីនីមួយៗ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមរយៈសកម្មភាពល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់ និងបទល្មើសផ្សេងៗតាមព្រំដែនរវាងប្រទេសទាំងពីរ។

លើសពីនេះប្រទេសទាំង២ ក៏បានរិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន ហិរញ្ញវត្ថុ វប្បធម៌ ពលកម្ម សុខភាព ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ការដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីលើកកំពស់ភាពជាដៃគូ ដែលមានស្រាប់ឱ្យឡើងដល់កំពស់ថ្មីមួយបន្ថែមទៀត។

ភាគី ទាំង ពីរ ក៏បាន ឯកភាព គ្នា រៀបចំ កិច្ចប្រជុំ លើក ក្រោយ នៅ ឆ្នាំ ២០២៤នៅ ប្រទេស ឡាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here