CDC បន្តជំរុញឱ្យក្រុមហ៊ុនម៉ាឡេស៊ីចូលមកបោះទុនវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា

ដោយ៖ លាងហួរ

ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់វិនិយោគ ក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួនគ្រោងនឹងពង្រីកអាជីវកម្មរបស់ពួកគេមកប្រទេសកម្ពុជា នាពេលខាងមុខបន្ថែមទៀត។

ជាមួយគ្នានេះ នៅចុងខែសីហាខាងមុខនេះ ស្ថានទូតម៉ាឡេស៊ី នឹងរៀបចំវេទិកាពាណិជ្ជកម្មចំនួន៤ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីឱ្យវិនិយោគិនម៉ាឡេស៊ី និងកម្ពុជា បានជួបពិភាក្សាគ្នា សិក្សាពីឱកាសវិនិយោគនៅកម្ពុជា។

ការប្តេជ្ញាចិត្តរបស់ធុរជនម៉ាឡេស៊ីនេះ ធ្វើឡើងក្នុងជំនួបពិធីពិសាអាហារថ្ងៃត្រង់ការងារ ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរៀបចំដោយសមាគមផ្គត់ផ្គង់ការលក់រាយម៉ាឡេស៊ី (MRCA) និងសាជីវកម្មសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SME Corporation Malaysia)កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបំពេញបេសកកម្មការងារនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីរយៈពេល២ គឺពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីពិសាអាហារថ្ងៃត្រង់ការងារនេះ ក៏មានវត្តមានចូលរួមរបស់ លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក Sharan Valiram ប្រធានសមាគម MRCA លោក Dato Sri Ricky Yaw អនុប្រធានសាជីវកម្ម SME Malaysia និងលោក លោកស្រីជាប្រធាន និងអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១៥។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុតរបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគលើវិស័យឯកជន និងសាធារណៈ បានសម្តែងកោតសរសើរចំពោះក្រុមហ៊ុនម៉ាឡេស៊ី ដែលបានបន្ត ឬបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដោយកត់សម្គាល់ថា ភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងស្រុកឡើងវិញនិងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់វិនិយោគិន។

លោក សុខ ចិន្តាសោភា បានសាទរដែលតំណាងក្រុមហ៊ុនទាំងអស់របស់ម៉ាឡេស៊ី មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកបានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នជំរុញវិនិយោគ ត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាថែទាំ និងសម្រួលដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ ហើយច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២១ ទៀតសោត ក៏ជាក្របខណ្ឌគតិយុត្តិមួយដ៏រឹងមាំដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងប្រទេសកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here