ដោយ៖ សុខុម
ប៉េកាំង: ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលទើបឡើងកាន់តំណែងថ្មីមានឆន្ទៈចង់ដោះស្រាយបញ្ចប់ជម្លោះសមុទ្រចិនខាងត្បូង ជាមួយទីក្រុងប៉េកាំង និងពង្រីកទំនាក់ទំនងក្នុងវិស័យថ្មីៗរួមមានការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និង “សូម្បីយោធា”។
លោកបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា មុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងដំណើររបស់លោកមកកាន់អាស៊ីអាគ្នេយ៍ថា “យើងមានទំនាក់ទំនងជាមួយគ្នាមិនត្រឹមតែលើទិដ្ឋភាពមួយប៉ុណ្ណោះទេ”។
នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែកក្កដា។
លោកគូសបញ្ជាក់ថា លោកនឹងព្យាយាម “រិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ចប់ជម្លោះដែលយើងមាន” ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីវិលទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានជម្លោះដែនសមុទ្រជាច្រើនឆ្នាំ ជាមួយនឹងឱកាសពង្រីកទំនាក់ទំនងក្នុងវិស័យថ្មីៗជាច្រើនទៀត។
អំឡុងជំនួបជាមួយលោក Wang Yi លោក Ferdinand Marcos លើកឡើងថា លោកមានផែនការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសហ្វីលីពីន ឱ្យលើសពីបញ្ហាសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីហ្វីលីពីន រូបនេះហាក់មានភាពឆ្លាតវៃនៅក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ឬអាចនិយាយបានថា ខ្លួនមួយជិះទូកពីរ ខណៈកំពុងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធារបស់ខ្លួន។ សហរដ្ឋអាមរិក ជាមហាអំណាចដែលធ្លាប់ដាក់អាណានិគមលើប្រទេសហ្វីលីពីន និងនៅតែមានឥទ្ធិពលលើប្រទេសនេះនាពេលបច្ចុប្បន្ន៕