គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើពីអតិថិជនចំនួន៤១,៣៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ វិស័យធនាគារនៅក្នុងឆ្នាំ២០២២នេះនេះ បានបង្ហាញពីសញ្ញាវិជ្ជមាន ទាំងទំហំឥណទានដែលផ្ដល់ជូនអតិថិជននិងទំហំប្រាក់បញ្ញើពីអតិថិជនទៅក្នុងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ជាក់ស្ដែង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ ប្រាក់បញ្ញើអតិថិជន នៅក្នុងប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុមានចំនួន៤១,៣៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាថ្លែងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធសាខាធនាគារព្រីន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ២០២២ឱ្យដឹងថា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកំណើនសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមដំណាច់ខែឧសភា ២០២២នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំនួនគណនីប្រាក់បញ្ញើចំនួន១៣,៦៥លានគណនី ជាមួយនឹងទំហំប្រាក់បញ្ញើចំនួន៤១,៣៣លានដុល្លារអាមេរិក។ សម្រាប់គណនីឥណទានអតិថិជនវិញបានកើនឡើងដល់ចំនួន៣,៥៧លានគណនី និងមានទឹកប្រាក់សរុប៥០,៦៦ពាន់លានដុល្លារអាមេរិក។

លោកបន្តថា ការធ្វើពិពិធកម្មផលិតផលនិងសេវាកម្មច្រើនបែប និងស្របតាមតម្រូវការ និងមានការិយាល័យសាខាស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា នឹងធ្វើឱ្យប្រព័ន្ធធនាគារបន្តភាពធន់និងរឹងមាំបន្តទៀតក្នុងឆ្នា២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ក៏បានលើកឡើងផងដែរថា កំណើនប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនេះបានបង្ហាញប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើង ហើយបានជឿទុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ដែលធ្វើឱ្យធនាគារនិងហិរញ្ញវត្ថុអាចមានលទ្ធភាពក្នុងការផ្ដល់ឥណទានបន្ត ទៅកាន់អតិថិជន ដែលមានតម្រូវការហិរញ្ញវត្ថុពង្រីក និងបង្កើតអាជីវកម្ម។

លោកបន្តថា ទោះបីជាពិភពលោកបានជួបនឹងវិបត្តិថ្មីមួយទៀត សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនបានធ្វើឱ្យប៉ះពាល់ ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជានោះឡើយ ហើយវិស័យនេះ នឹងបន្តមានកំណើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២២ និងឆ្នាំក្រោយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here