ប្រេងបម្រុងគ្រាអាសន្នរបស់អាមេរិក ត្រូវបាននាំចេញទៅអឺរ៉ុប និងមកអាស៊ី ខណៈថ្លៃសាំងក្នុងស្រុកនៅតែខ្ពស់

ដោយសុខុម

អាមេរិក: យោងតាមទិន្នន័យ និងប្រភពឱ្យដឹងថា ប្រេងជាង៥លានបារ៉ែលដែលជាផ្នែកមួយ នៃការបញ្ចេញប្រេងបម្រុងគ្រាអាសន្នជាប្រវត្តិសាស្ត្ររបស់អាមេរិក ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងស្រុក ត្រូវបាននាំចេញទៅអឺរ៉ុប និងមកអាស៊ី កាលពីខែមុន សូម្បីពេលតម្លៃប្រេងសាំង និងម៉ាស៊ុតក្នុងស្រុកហក់ឡើងខ្ពស់មិនធ្លាប់មាន។

ការនាំចេញប្រេងឆៅ និងឥន្ធនៈនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដើម្បីបញ្ចុះតម្លៃប្រេងដែលហក់ឡើងខ្ពស់មិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែកក្កដា នេះ។

លោក ចូ បៃឌិន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនបានបន្តការអំពាវនាវឱ្យបណ្ដាអ្នកផ្គត់ផ្គង់ប្រេងសាំងបញ្ចុះតម្លៃ ដែលនាំឱ្យមានការរិះគន់ពីលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រេងប្រមាណ១លានបារ៉ែលក្នុងមួយថ្ងៃកំពុងត្រូវបានបញ្ចេញពីប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) រហូតដល់ខែតុលា ឆ្នាំ២០២២ នេះ។ ការបញ្ចេញយ៉ាងច្រើនសន្ធឹកសន្ធាប់នវកំពុងធ្វើឱ្យប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) រីងស្ងួត ដែលកាលពីខែមុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៦ មក។

ការជួញដូរប្រេងឆៅរបស់សហរដ្ឋអាមេរិក គឺលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងសាំង និងប្រេងម៉ាស៊ូតមានតម្លៃលើសពី៥ដុល្លារក្នុងមួយហ្គាឡុង (៣,៧៨លីត្រ)។ ក្រុមមន្ត្រីអាមេរិក និយាយថា តម្លៃប្រេងអាចខ្ពស់ជាងនេះ ប្រសិនបើប្រេងបម្រុងជាយុទ្ធសាស្ត្រ (SPR) មិនត្រូវបានបញ្ចេញទេនោះ។

អ្នកនាំពាក្យក្រសួងថាមពលអាមេរិក លើកឡើងថា “SPR នៅតែជាឧបករណ៍សន្តិសុខថាមពលដ៏មានសារៈសំខាន់ដើម្បីដោះស្រាយការអាក់ខាននូវការផ្គត់ផ្គង់ប្រេងពិភពលោក”។ អ្នកនាំពាក្យដដែលបានបន្ថែមទៀតថា ការបញ្ចេញប្រេងបម្រុងគ្រាអាសន្នបានជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឆៅ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here