ដោយៈ លក្ខិណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី ៣កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល”។

កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់ទៅលើការ រៀបចំកសាងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ចូលរួមសាកល្បងអនុវត្តន៍ និងប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណ អតិថិជនឌីជីថល និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ក្នុងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា កាលពីពេលថ្មីៗនេះថា បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធបាគង ប្រកកបដោយភាពជោគជ័យ ធនាគារជាតិនៃកម្ពុជា បានមើលឃើញពីលទ្ធភាព ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធបាគង នៅក្នុងជំហានបន្ទាប់ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារ កាន់តែសម្បូរបែប និងមានភាពងាយស្រួល សម្រាប់អតិថិជនធ្វើប្រតិបត្តិការទូទាត់ឌីជីថល។
លោកជំទាវបន្តថា បច្ចុប្បន្ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលចុះឈ្មោះអតិថិជន ប្រើប្រាស់ប្រព័ន្ធបាគង បានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន តាមវិធីសាស្ត្រManual Approach នៅតាមបញ្ជររបស់គ្រឹះស្ថាន ឬកំណត់អត្តសញ្ញាណអតិថិជន តាមវិធានដោយឡែកពីគ្នារបស់គ្រឹះស្ថាននីមួយៗ។ តែទោះជាយ៉ាងណា ការអនុវត្តបែបនេះ ជាវិធីសាស្ត្របែបប្រពៃណី នៅពុំទាន់មានភាពងាយស្រួល។ មិនតែប៉ុណ្ណោះវាអាចនឹងបង្កឱ្យមានហានិភ័យក្នុងការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត ដោយសារពុំទាន់មានប្រព័ន្ធរួមមួយ ដែលមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃអត្តសញ្ញាណអតិថិជនបាននៅឡើយ។
លោកជំទាវបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ធនាគារជាតិនៃកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពប្រើប្រាស់ទិន្នន័យ ពីក្រសួងមហាផ្ទៃតាម រយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) សម្រាប់យកមកផ្ទៀងផ្ទាត់ អត្តសញ្ញាណអតិថិជនជាឌីជីថល នៅពេលអតិថិជនចុះឈ្មោះបើកគណនី ប្រើប្រាស់ប្រព័ន្ធបាគង។
ពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារអន្តរក្រសួងបានសិក្សា និងធ្វើតេស្តសាកល្បងលក្ខណៈបច្ចេកទេស ពាក់ព័ន្ធនឹងការភ្ជាប់ប្រព័ន្ធបាគងនិងថ្នាល CamDX ក្រោមរូបភាពជា Sandbox។ លើលទ្ធភាពក្នុងការអនុវត្តe-KYC បានដោយគជ័យ ជាលទ្ធផលបង្ហាញថា តាមរយៈថ្នាល CamDX ប្រព័ន្ធបាគង អាចបញ្ជាក់អត្តសញ្ញាណអតិថិជន ជាលក្ខណៈ e-KYC បានដោយរលូន ។
លោកបណ្ឌិតគង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ អន្តរក្រសួងអនុវត្តសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) មានប្រសាសន៍ថា e-KYC គឺប្រព័ន្ធដែលបានបង្កើតឡើងដំបូងរបស់រាជរដ្ឋាភិបាល មានគោលបំណងសម្រាប់ការផ្ទៀតផ្ទាត់នៃប្រព័ន្ធអនឡាញ។ ប្រព័ន្ធនេះគឺជាប្រព័ន្ធផ្ទៀតផ្ទាត់រួម ដែលបានតភ្ជាប់ព័ត៌មានអត្តសញ្ញាណ របស់ក្រសួងមហាផ្ទៃ ក្នុងនោះថ្នាល (e-KYC) អនុញ្ញាត្តិឱ្យតភ្ជាប់ Open ATI ចំនួន ១០ដូចជា មុខ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត និងអត្តសញ្ញាណនបត្រជាដើម ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងគ្រប់គ្រងអត្តសញ្ញាណបានត្រឹមត្រូវ ។
អគ្គនាយកធនាគារហ្វីលីព លោកចាន់ ម៉ាច បានមានប្រសាសន៍ឱ្យដឹងថា បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបើធៀបនឹងប្រទេសជិតខាងកម្ពុជា អាចទន្ទឹមឬអាចដើរលឿន ជាងប្រទេសមួយចំនួនផង ប៉ុន្តែកម្ពុជាត្រូវការអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឱ្យទាន់នឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ៕







