ធនាគារកណ្តាលកម្ពុជាបើកដំណើរការសេវាទូទាត់កូដKHQR

ដោយ: លាងហួរ

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា(NBC)នៅថ្ងៃចន្ទម្សិលមិញនេះ បានបើកដំណើរការសេវាទូទាត់កូដ KHQR ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់កាន់តែទូលំទូលាយ នៃការទូទាត់លក់រាយតាមទូរស័ព្ទ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

KHQR គឺជាប្រព័ន្ធលេខកូដឆ្លើយតបរហ័សជាសាកល (QR) ដែលបង្កើតឡើង សម្រាប់ការទូទាត់លក់រាយក្នុងប្រទេស ដោយបន្ថែមថាវាទាម ទារត្រឹមតែQR តែមួយប៉ុណ្ណោះ សម្រាប់ការទទួលការទូទាត់ពីកម្មវិធីទូរស័ព្ទណាមួយ រួមទាំងកម្មវិធីBakong ដែលជាកម្មវិធីតែមួយគត់របស់កម្ពុជាសម្រាប់ការទូទាត់តាមទូរស័ព្ទ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារNBCបានឱ្យដឹងថា អ្នកប្រើប្រាស់អាចស្កេនកូដ KHQR ដែលបង្កើតដោយពាណិជ្ជករ តាមរយៈBakongឬកម្មវិធី ដែលគាំទ្រផ្សេងទៀតសម្រាប់ប្រតិបត្តិការជាប្រាក់រៀលកម្ពុជា និងដុល្លារអាមេរិក។

លោកស្រីជា សេរី អគ្គនាយកធនាគារNBC មានប្រសាសន៍ថា KHQR នឹងជួយអាជីវកម្ម ក្នុងការទទួលយកការទូទាត់ តាមប្រព័ន្ធឌីជីថលពីអ្នកប្រើប្រាស់ នៃធនាគារដែលចូលរួមណាមួយ តាមរយៈQR code តែមួយ និងធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួលសម្រាប់អតិថិជន។

លោកស្រីបានបន្តថា បច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ បានចូលរួមក្នុងសេវាកម្មទូទាត់កូដKHQR ហើយ២៩ក្នុងចំណោ មនោះ បានដំណើរការដោយជោគជ័យ នៅហាងប្រមាណ២៣ម៉ឺនកន្លែងនៅទូទាំងប្រទេស។

លោកស្រីបានមានប្រសាសន៍ក្នុងពិធីសម្ពោធថា សេវាទូទាត់ប្រាក់ QR code គឺជាវិធីសាស្រ្តថ្មីនៃការទូទាត់ ប៉ុន្តែសេវានេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ ព្រោះវាងាយស្រួល រហ័ស និងសុវត្ថិភាព។

លោកស្រីបានបន្ថែមថា KHQR ដែលបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ នឹងក្លាយជាកាតាលីករ សម្រាប់ការលើកកម្ពស់ការប្រើប្រាស់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន នៃសេវាទូទាត់ប្រាក់ QR Code តែមួយនៅកម្ពុជា ដោយលោកស្រីបានបញ្ជាក់ថា ការទូទាត់តាមប្រព័ន្ធឌីជីថលបាននិងកំពុងដើរតួនាទីកាន់តែធំ ក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងក្នុងការជួយកាត់បន្ថយការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស។

យោងតាមធនាគារNBCបានឱ្យដឹងថា ប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង នៃការទូទាត់តាមទូរស័ព្ទនៅឆ្នាំ ២០២១ដោយសារការកើនឡើងនៃ FinTechs និងការប្រើប្រាស់អ៊ីនធឺណិត ដោយធនាគារបានបន្ថែមថាមានអ្នកប្រើប្រាស់ការទូទាត់ តាមទូរស័ព្ទសរុបចំនួន១៣,៦លាននាក់កាលពីឆ្នាំមុន ដែលកើនឡើង៤២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here