ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុនានារួមមាន ធនាគារ មីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន បានផ្តល់កម្ចីរហូតដល់៥០,៧ពាន់ លានដុល្លារអាមេរិក កើនឡើង២២,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញថា ប្រតិបត្តិការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានដំណើរការយ៉ាងរលូន និងដ៏រឹងមាំនៅក្នុងត្រីមាសទី១ឆ្នាំនេះ ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសកម្មភាពអាជីវកម្ម ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរការសេដ្ឋកិច្ច សង្គម ពេញលេញឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
NBC កាលពីថ្ងៃទី ៣០ ខែមិថុនា បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា កាលពីចុងត្រីមាសទី១ ឆ្នាំ ២០២២ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីដល់វិស័យឯកជន រហូតតដល់ចំនួន២០៥,៤ ពាន់ពាន់លានរៀល (៥០,៧ ពាន់លានដុល្លារ) កើន ២២,៤ ភាគរយ បើធៀបនឹងចុងត្រីមាសទី១ឆ្នាំមុន ដើម្បីបំពេញតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។
ការផ្ដល់ឥណទានដល់វិស័យឯកជន គ្របដណ្តប់លើវិស័យសំណង់ ១៣,៧ ពាន់លានដុល្លារ កើន២៩,៣ភាគរយ ធៀបនឹងឆ្នាំមុន។ ពាណិជ្ជកម្មលក់ដុំ និងរាយចំនួន១២,៦ ពាន់លានដុល្លារ កើន២៦,១ភាគរយ វិស័យសេវាកម្ម៥ពាន់លានដុល្លារ កើន១១,៥ភាគរយ វិស័យកសិកម្ម៤,៨ ពាន់លានដុល្លារ កើន១១,៦ភាគរយ ឥណទានទៅលើអង្គភាពគ្រួសារ ចំនួន២,៧ពាន់លានដុល្លារ កើន៣៧ភាគរយ ផ្នែកកម្មន្តសាល១,៧ ពាន់លានដុល្លារ កើន២៤,៨ ភាគរយ និងផ្នែកផ្សេងៗ១០,២ ពាន់លានដុល្លារ កើន១៦,៨ ភាគរយ៕







