កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគនៅខែវិច្ឆិកាជាមួយក្តីសង្ឃឹមក្នុងការទាក់ទាញអ្នកធុរកិច្ច

ដោយៈ វិវឌ្ឍន៍

ភ្នំពេញៈ កម្ពុជានឹង​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​ នៅ​ខែ​វិច្ឆកា ឆ្នាំ ២០២២ ខាង​មុខ​នេះ​ ស្រប​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤។

កាលពីសប្តាហ៍មុន សភាពាណិជ្ជកម្ម​កម្ពុជា បាន​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​ រៀប​ចំ​កិច្ចប្រជុំ​លើក​ទី​៩៣ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន និង​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវការ ​នូវ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ឆ្នាំ ២០២២ និង​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន​ឆ្នាំ ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​អាស៊ាន ដែល​តែងតែ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ ​ក្នុង​តំបន់ និង​ពិភព​លោក ដើម្បី​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​ ដ៏​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​តំបន់​អាស៊ាន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាលោកឧកញ៉ាលឹម ហេង បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន ​ពី​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ដែល​នេះ​សំខាន់​ជា​មុខមាត់ ជា​កិត្តិយស​របស់​ប្រទេស​ជាតិ ក៏​ដូចជា​ធ្វើ​ឱ្យ​កម្ពុជា កាន់​តែ​មាន​ភាពលេច​ធ្លោ​ក្នុង​តំបន់​អាស៊ាន សកលលោក និង​នៅលើ​ឆាក​អន្តរជាតិ។

លោក​​បញ្ជាក់​ថា “ក្នុង​នាមជា​ប្រធាន​កិច្ច​ប្រជុំ យើង​នឹង​ប្រើ​ឱកាស​នេះ ដើម្បី​ផ្សព្វផ្សាយ ​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​យើង​បន្ថែមទៀត ព្រោះ​ថា​ យើង​មិនមែន​មាន​ត្រឹមតែ​អាស៊ាន​នោះ​ទេ យើង​មាន​អាស៊ាន​បូក៦ ដែល​មាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ ឥណ្ឌា ញ៉ូហ្សែន ចូលរួម​ផងដែរ”។ លោក​បន្តថា “​នេះ​គឺជា​ឱកាស​របស់​យើង ក្នុង​ការ​បង្ហាញ​មុខ​មាត់ និង​កាលានុវត្តភាព ក្នុង​ការ​វិនិយោគ​របស់​កម្ពុជា នៅ​ក្នុង​សហគមន៍សេដ្ឋកិច្ច​អាស៊ាន​ផង​ និង​នៅលើ​ឆាក​អន្តរជាតិជាថ្មី”។

ស្ថិត​នៅ​ក្នុង​បរិបទ​កូវីដ១៩ ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន២០២២ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈប្រព័ន្ធ​វីដេអូ​ ពី​ចម្ងាយ​ផង និង​ធ្វើ​ដោយ​ផ្ទាល់​ផង។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ នឹង​មាន​ការ​រៀបចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ពាន​រង្វាន់​សម្រាប់​ក្រុមហ៊ុន​ឆ្នើម ក្នុង​អាស៊ាន ​ដែល​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​ជំរុញ​កិត្យានុភាព​អាស៊ាន។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​នាមជា​ប្រធាន​អាស៊ាន​ប្តូរវេន កម្ពុជា​អាច​នឹងប្រើ​ឱកាស​នេះ ក្នុង​ការ​បង្ហាញ​ពី​សក្តានុពល​ ក្នុង​វិនិយោគ​ដល់​ប្រទេស​ជា​សមា​ជិក​អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួមនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here