World Bank: វ៉ាក់សាំងនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជួយជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាស្ទុះងើបឡើងវិញ

ដោយ៖ សុខុម

ភ្នំពេញ: អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បាននិងកំពុងជួយជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ស្ទុះងើបឡើងវិញ។

នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (World Bank) ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលនេះព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានកំណើន៤,៥%ក្នុងឆ្នាំ២០២២ នេះ និងប្រមាណ៦%សម្រាប់រយៈពេលមធ្យម។

ទោះជាយ៉ាងណា ការឡើងថ្លៃថាមពល និងស្បៀងអាហារទូទាំងពិភពលោកត្រូវបានរំពឹងថានឹងជំរុញអតិផរណារបស់កម្ពុជា ឱ្យឡើងដល់៧,២%នៅឆ្នាំនេះ បើធៀបនឹង៣,៥%កាលពីឆ្នាំ២០២១។

រហូតមកដល់ពេលនេះ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានចាក់ជូនប្រជាជនបានរហូតដល់ទៅជិត១៥,១លាននាក់ ដែលស្មើនឹង៩៤,៣%នៃប្រជាជនសរុប១៦លាននាក់ ហើយវ៉ាក់សាំង Sinovac និង Sinopharm របស់ប្រទេសចិន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងនៅកម្ពុជា។

ការចាក់វ៉ាក់សាំងក្នុងអត្រាខ្ពស់ បានធ្វើឱ្យកម្ពុជា មានលទ្ធភាពបន្តគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ហើយបានបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងគ្រប់ដូសដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

លោកស្រី Maryam Salim នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍អំឡុងពេលបញ្ចេញរបាយការណ៍ខាងលើថា “យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងរៀនរស់ជាមួយកូវីដ-១៩ បានអនុញ្ញាតឱ្យកម្ពុជា បើកប្រទេសឡើងវិញ ដែលបានជួយជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ”។

លោកស្រីបានបន្ថែមទៀតថា “ទោះជាយ៉ាងណា ផ្លូវនៅខាងមុខនៅតែមិនច្បាស់លាស់នៅឡើយ។ ការឡើងថ្លៃថាមពល និងស្បៀងអាហារដោយសារសង្រ្គាមនៅអ៊ុយក្រែន កំពុងដាក់បន្ទុកបន្ថែមទៀតមកលើពលរដ្ឋក្រីក្រ ហើយស្ថានភាពនេះនឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រមានសន្ទុះយឺត”។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ការនាំចេញសរុបរបស់ប្រទេសមានទំហំ៩,៤១ពាន់លានដុល្លារអាមេរិក អំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២២ នេះ ដោយកើនឡើង៣៤,៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាពិសេសសម្លៀកបំពាក់ ទំនិញសម្រាប់ដំណើរកម្សាន្តដូចជាវ៉ាលិសជាដើម ព្រមទាំងស្បែកជើងផងដែរ។ ទន្ទឹមនេះ ឧស្សាហកម្មផលិតកម្មថ្មីៗដូចជាផ្នែកអគ្គិសនី និងរថយន្តក៏កំពុងមានសន្ទុះងើបឡើងផងដែរ។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP និង CCFTA បានជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here