កម្ពុជាបាត់បង់ផលទុនជាតិសរុប (GDP) ប្រមាណ២,៥ទៅ៣ភាគរយក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ដោយៈ គង់ សូរិយា

ញូយ៉កៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា កម្ពុជាបានបាត់បង់GDPចន្លោះពី២,៥ទៅ៣ភាគរយក្នុងមួយឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះ ក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកស៊ុន ចាន់ថុលបានថ្លែងបែបនេះ ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ” ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា យើងបានពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹងគោលដៅរបស់យើង ដែល មានចំនួន៧.៣៣៨នាក់។

លោកបន្តថា “ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ”។ លោកបន្ថែមថា “យើងត្រូវការទាំងវិស័យសាធារណៈ និងឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសហការជាមួយរដ្ឋាភិបាល ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក”។

ក្នុងន័យនេះ គ.ស.ច.គ. បាន និងកំពុងសហការជាមួយសភាពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ដើម្បីឱ្យអប់រំបុគ្គលិករបស់ពួកគេអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here