ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងមួយខែមិថុនា ឆ្នាំ២០២២នេះ ចំណូលថវិការដ្ឋដែលប្រមូលបានដោយពន្ធដារ និងគយ បានប្រមាណជាង៤៩០លានដុល្លារ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង។
នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោបានមានប្រសាសន៍ថា “ចំណូលយើងបានឡើងជិត៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ ទាំងចំណូលពន្ធដារ ប៉ុន្តែចំណូលនេះ វានៅតែទាប បើប្រៀបធៀបទៅនឹងមុនកូវីដ ដែលចំណូលយើងរត់ពី៥០០លាន ទៅ៧០០លានដុល្លារ ក្នុងមួយខែ ឥឡូវចំណូលយើងធ្លាក់នៅក្នុងឆ្នាំ២០២១ នៅក្រោម៤០០លានដុល្លារ ប៉ុន្តែក៏ឡើងវិញ នៅឆ្នាំ២០២២នេះ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង”។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ ឱ្យដឹងថា រយៈពេល៥ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួនប្រមាណជា១.៧២៦,៩៣លានដុល្លារ ស្មើនឹង៦១,២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ៕








