ក្រសួងពាណិជ្ជកម្មពន្យារពេលការចុះបញ្ជីដល់អ្នករកស៊ីតាមអនឡាញដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី។

នេះបើតាមសេចក្ដីជូនដំណឹង ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យ ចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី។

 

រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងតទៅ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here