កម្ពុជារៀបចំបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ានឆ្នាំ២០២២ ផ្តល់កិត្តិយសបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២។

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងដោយមានការចូលរួមសហការ ពីក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។
លោកប៉ាន សូរស័ក្តិបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូចនិងមធ្យម ក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន ដែលបានរួមចំណែកធ្វើឱ្យសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានមានការរីកចម្រើន គួរឱ្យកត់សម្គាល់នាទសវត្សរ៍កន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២២ នឹងជំរុញ និង ពន្លឿន ការស្តារឡើងវិញនូវគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយនិរន្តរភាព​ បរិយាប័ន្ន និងភាពធន់ ស្របតាមមូលបទ “អាស៊ាន A.C.T.៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានកិច្ចប្រជុំសសរស្តម្ភ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដាក់ចេញនូវសមិទ្ធផល អាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងអាស៊ាន ដោយផ្តោតសំខាន់ លើការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មឌីជីថល ភាពជាសហគ្រិនស្ត្រី ក្នុងវិស័យសហគ្រាសមីក្រូ តូចនិងមធ្យម ជាដើម។ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះ មិនត្រឹមតែរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចក្នុងអាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរបស់ពួកគេ ទៅក្នុងសហគមន៍ធុរកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។

លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីការយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះតួនាទីរបស់ធុរកិច្ច និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខ ដោយបានខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយា​កាសធុរកិច្ច និងវិនិយោគ តាមរយៈការអនុម័តច្បាប់សំខាន់ៗ ដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែលនឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផល ដល់ធុរជន និងវិនិយោគិន។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន និងរង្វាន់ធុរកិច្ចអាស៊ាននឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here