ប្រទេសថៃទទួលបានទេសចរអន្តរជាតិលើស២លាននាក់ក្នុងឆមាសទី១

ដោយៈ សុខុម

បាងកក: ប្រជាជនឥណ្ឌា និងម៉ាឡេស៊ី មានចំនួនច្រើនជាងក្នុងចំណោ​មភ្ញៀវទេសចរអន្តរជាតិ ដែលហូរប្រទេសថៃ បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹងច្រកចូល ដោយនៅឆមាសទី១ ដើមឆ្នាំ២០២២ នេះទទួលបានទេសចរបរទេសលើស២លាននាក់។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើង តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ចំនួនភ្ញៀវទេសចរបរទេស មានចំនួនសរុប២,០៣លាននាក់ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្ថែមទៀតថា ភ្ញៀវទេសចរដែលមកពីប្រទេសឥណ្ឌា ម៉ាឡេស៊ី អង់គ្លេស សិង្ហបុរី និងសហរដ្ឋអាមេរិក មានចំនួនច្រើនជាងគេ។

យោងតាមសារព័ត៌មានThe Star ឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដែលស្ទើរតែធ្លាក់ដល់ចំណុចសូន្យ ដោយសារវិបត្តិកូវីដ-១៩ រំពឹងខ្ពស់ថា នឹងទទួលបានកំណើនទេសចរប្រចាំខែ ជាមធ្យមរហូតដល់ប្រមាណ១,៥លាននាក់ នៅខែកក្កដាខាងមុខនេះ នៅពេលប្រព័ន្ធ Thailand Pass ដែលតម្រូវឱ្យទិញធានារ៉ាប់រងពេលចូលប្រទេសថៃ ត្រូវបានលុបចោល។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានប្រកាសលុបចោលទាំងស្រុងនូវប្រព័ន្ធ Thailand Pass សម្រាប់អ្នកដំណើរដែលចូលប្រទេសថៃ ក្នុងខែនេះ ដោយលុបចោលការតម្រូវឱ្យចុះឈ្មោះ និងការទិញធានារ៉ាប់រងមុនពេលមកដល់។

ថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ ក៏បានបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ លើការធ្វើដំណើរ និងអាជីវកម្មផងដែរ ដោយហាងស្រា និងបារ ពេលនេះត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការតាមម៉ោងធម្មតាឡើងវិញ។

លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានលើកឡើងកាលពីសប្តាហ៍មុនថា រូបិយប័ណ្ណបាតចុះថោក និងការអនុ​ញ្ញាតឱ្យប្រើប្រាស់កញ្ឆា ដោយស្របច្បាប់កាលពីពេលថ្មីៗនេះ ក៏ប្រហែលជាអាចជួយរួមចំណែក នាំយកភ្ញៀវទេសចរកាន់តែច្រើន មកកាន់ប្រទេសថៃ វិញផងដែរ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here