ដោយៈ សហការី
កំពង់ស្ពឺៈ ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយ ស្ថិតនៅចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះខណៈនេះ បានប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាព ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
យោងតាមឯកសាររបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា ដើមឡើយមានសេដ្ឋីមួយរូប មានមាសប៉ុនដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នា តាំងពីតូចៗរហូតដល់ធំពេញវ័យ។
ដោយខ្លាចវង្វេងរកកូនប្រុស ដែលផ្ញើទុកជាមួយគេនៅភូមិមួយពេលធំមិនឃើញ គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា“រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូន ទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។
ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែកទ្រព្យសម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួន ដែលបំបែកចេញកាលពីតូចឱ្យយកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយ គាត់ក៏រៀបចំពិធីមង្គលការកូន ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបានអញ្ជើញហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ លើកលែងតែយាយតីម្នាក់គត់ ដែលសេដ្ឋីមិនបានហៅឱ្យចូលរួម។ មិនតែប៉ុណ្ណោះសេដ្ឋី ថែមទាំងបានយកក្រពើ ដែលយាយតីចិញ្ចឹម មកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវថែមទៀតផង ដែលពិធីមង្គលការនេះប្រព្រឹត្តទៅនៅថ្ងៃ១៥រោច ខែពិសាខ និងបានក្លាយជាប្រពៃណីបុណ្យឡើងសំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។
បើនិយាយពីយាយតីវិញ ក្រោយពីដឹងថា សេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មានការបាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតី យល់សប្តិឃើញយមទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ភ្ញាក់ពីយល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយទើបភូមិនោះមានឈ្មោះថា ភូមិកោដូនតីរហូតមកទល់សព្វថ្ងៃនេះ។
បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ ពេលពិធីសែនព្រេនបានចាប់ផ្តើមឡើង ស្រាប់តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្សទាំងអស់ ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។
ដោយឃើញទិដ្ឋភាពបែបនោះ យាយតីភ័យក៏បានរត់គេចពីកន្លែងនោះ ទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្នដីទួលនោះ បានក្លាយជាតំបន់ដីព្រៃអារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះធរណី ហើយក៏រស់នៅទីនោះ រហូតមានគ្រួសារ និងកូនប្រុសមួយ។
ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួស “ជាតាបស”នៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមក មានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែងទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយអស់ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។ នេះបើតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕