អតិផរណា​នៅ​កម្ពុជាឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ៖ អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា៥,៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈឆ្នាំមុនមានអត្រា២,១%។

នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនានេះ។

តាមរយៈទិន្នន័យនេះបង្ហាញថា អត្រាអតិផរណាក្នុងត្រីមាសទី១ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនឹងថមថយមកវិញនៅរង្វង់២,៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុក នូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៤,៦% ត្រី ៥,២% ខណៈឧស្ម័នកើន២៨% ប្រេងសាំងធម្មតា៣៧,២% និងប្រេងម៉ាស៊ូត ៤៤,៤%។ ទំនិញ និងសេវាផ្សេងៗ ដែលកាលពីឆ្នាំ២០២១ មានអត្រា៦,១% នៅឆ្នាំនេះ បានថយចុះមក៤,២% ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់បានថយចុះពី១,៥% មក០,៨% និងអាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង បានថយចុះពី៣,១%មក៥,១%វិញ។

ក្រសួងក៏បានបង្ហាញសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ប្រេងឆៅ (Brent) ថ្លៃ៩៩ដុល្លារក្នុងមួយប៉ារ៉ែល កើនឡើង៦៣,៤%, កៅស៊ូ (TSR20) តម្លៃ១.៧៧១,៧ដុល្លារក្នុងមួយតោន កើនឡើង៥,៩% មាសថ្លៃ ២ ០៥៥.៤ដុល្លារក្នុងមួយអោន ធ្លាក់ចុះ២១,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទន្ទឹមគ្នានេះ សន្ទស្សន៍ថ្លៃថាមពល បានកើនឡើង១៣៦,៩% និងលោហៈធាតុមានតម្លៃបានកើនឡើង១,៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here