ការនាំចេញរបស់កម្ពុជាតាម FTA មានទំហំតិចតួចនៅឡើយក្នុងឆ្នាំ២០២២នេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា (FTA) នៅមានទំហំតិចតួចនៅឡើយ និងទាមទារឱ្យមានការផ្សព្វផ្សាយបន្ថែម ទៅដល់អ្នកនាំចេញទាំងឡាយ ដើម្បីបង្កើនឱ្យការនាំចេញតាមរយៈកិច្ចប្រមព្រៀងពាណិជ្ជកម្មនេះកាន់តែមានចំនួនច្រើនឡើង។

នៅក្នុងសិក្ខាសាលាថ្នាក់ជាតិជាសេរីលើកទី១ ស្ដីពីការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប នៅថ្ងៃទី២៩ មិថុនា ២០២២នេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា តាមពិតទៅរាល់ដំណើរការអ្វីមួយ វាមិនអាចធ្វើទៅបានលឿនរហ័សភ្លាមៗទេ គឺយើងត្រូវការពេលវេលា ដើម្បីបង្កើនបន្តិចម្ដងៗ។

លោកបន្តថា ការរៀបចំនូវសិក្ខាសាលានេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ជាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹង អំពីនីតិវិធី នៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិ នៃការបញ្ជាក់ដើមកំណើតទំនិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅនៅថ្ងៃអនាគត  វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាន នាំចេញ នាំចូល និងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត តាមការចាំបាច់។

តាមព្រឹត្តិបត្រស្ថិតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយសម្រាប់ត្រីមាសទី១ឆ្នាំ២០២២នេះឱ្យដឹងថា ការនាំចេញរបស់កម្ពុជាក្រៅពីមាសមានទឹកប្រាក់ប្រមាណ៤.៨១៤,៤លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១កន្លងទៅ មានកំណើន២៦,៥ភាគរយ ដោយសារតែកំណើននៃការនាំចេញផលិតផលកាត់ដេរ កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗទៀត។

ចំណែកការនាំចូលក្រៅពីមាសក្នុងត្រីមាសទី១នេះ មានទឹកប្រាក់៦.១៦៤,៨លានដុល្លារអាមេរិក កើនឡើង២១,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here