រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្តើមកាត់ឆ្វៀលដីតំបន់បីនៃបឹងទន្លេសាបជូនប្រជាពលរដ្ឋ

ដោយៈ គង់ ម៉ាលីនណា

កំពង់ឆ្នាំងៈ រដ្ឋបាលនិងមន្រ្តីជំនាញពាក់ព័ន្ឋ តាមរយៈគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងហើយ។

កាលពីសប្តាហ៍កន្លងមកនេះ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និងធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និងការកំណត់អត្តសញ្ញា​ណកម្មសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់។

ជាមួយគ្នានេះ អភិបាលរងខេត្តកំពង់ឆ្នាំង លោកសាន់ យូបានមាន​ប្រ​សាសន៍ឱ្យដឹងថា ក្រុមការងារចម្រុះរបស់ខេត្ត បានអនុវត្តន៍យ៉ាងពេញលេញតាមជំហាននីមួយៗ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ។

លោកបញ្ជាក់ទៀតថា “រាល់ពេលអនុវត្តន៍ការងារ ក្រុមការងារនិងម ន្ត្រី​ពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណេយ្យភាព ចំពោះប្រមុខរាជារដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានពិតប្រាកដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here