ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិក បានកើនឡើងជាប្រចាំ ដែលធ្វើឲ្យសេវាកម្មទូទាត់សាច់ប្រាក់កាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។
យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៣៤,៥ ភាគរយ ដែលមានទឹកប្រាក់ ៤១៥,៥ ពាន់ពាន់លានរៀល នៅក្នុងឆ្នាំ២០២១ ខណៈចំនួនគណនី E-Wallet បានកើនឡើងដល់១៣,៦ លានគណនី ដែលស្មើនឹងជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប បើធៀបនឹងឆ្នាំ២០២១។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា ចំណុចដែលគួរឱ្យកត់សម្គាល់ចុងក្រោយ ដូចដែលមានរៀបរាប់នៅក្នុងជំពូកថ្មីស្តីពីរចនាស ម្ព័ន្ធហិរញ្ញវត្ថុ(របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១) គឺប្រព័ន្ធទូទាត់ឌីជីថល មានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយសម្រួលដល់លំហូរប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្ម ទោះបីក្នុងអំឡុងពេលបិទខ្ទប់ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។
លោកស្រីបានបញ្ជាក់ថា “ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយ តាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើង៣៤,៥ ភាគរយ ស្មើនឹង៣,៨ ដងនៃផ.ស.ស. ខណៈដែលចំនួនគណនីកាបូបអេឡិចត្រូនិក (E-Wallet) បានកើនឡើងដល់ ១៣,៦ លានគណនី ដែលស្មើនឹងជាង ៨០ ភាគរយនៃចំនួនប្រជាជនសរុប”៕