ដោយ៖ សុផារី
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ចុងសប្ដាហ៍ទី៤ នៃខែមិថុនា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង៣១ម៉ឺននាក់ ដោយ មានការថយចុះប្រមាណ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។
លោក ថោង ខុន បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២ គឺភ្ញៀវសរុបមានចំនួន៣១៨.៨៦៣នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៩៨.៩៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩.៩២៣នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិចបើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ មានការថយចុះប្រមាណ ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។
លោកបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ៥៦.៨៨៥ នាក់ ខេត្តសៀមរាប៤៥.២១៩នាក់ ខេត្តបាត់ដំបង៤០.៩៥៥នាក់
តាមការសង្កេតជាក់ស្តែង របស់មន្ទីរទេសចរណ៍ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្ត មិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលថ្ងៃឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនធ្វើដំណើរកម្សាន្តជិតៗ ដោយចេញដំណើរពីព្រឹកព្រលឹម នឹងត្រលប់ចូលផ្ទះល្ងាចវិញ។
តម្លៃកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរហាក់នៅមានតម្លៃខ្ពស់ ស្របនឹងតម្លៃប្រេងសាំង មានការកើនឡើង។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យវិស័យឯកជន ពិភាក្សាគ្នាដាក់ចេញតម្លៃកញ្ចប់ទស្សនកិច្ចឲ្យបានសមរម្យដើម្បីទាញ់ទាញ ជំរុញចលនាទីផ្សារក្នុងស្រុក និងដើម្បីប្រកួតប្រជែង ជាមួយទីផ្សារប្រទេសជិតខាងផងដែរ៕