ដោយ៖ លក្ខិណា
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបណ្ដុះធុរកិច្ចថ្មីបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ កាលពីរសៀលថ្ងៃទី២៨ កញ្ញា ២០២០ លោកគង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បានធ្វើទំនើបកម្មលើវិស័យហិរញ្ញវត្ថុ បង្កើតបានជាម៉ូដែលថ្មីមួយដែលគេហៅថា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech សម្រាប់បំពេញតម្រូវការសេវាហិរញ្ញវត្ថុទាំងវិស័យធនាគារ និងមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យាជាស្នូល ។
លោក បានបន្តថា ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលជារួម និងដោយឡែកជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ។
លោក បានបន្តទៀតថា ទោះបីជាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានការលូតលាស់គួរអោយកត់សម្គាល់ក្តី តែវិស័យនេះនៅតែប្រឈមនឹងបញ្ហាគន្លឹះៗ និងត្រូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ពីស្ថាប័នរដ្ឋ និងឯកជន ។ បញ្ហាមួយចំនួននឹងត្រូវដោះស្រាយក្នុងក្របខណ្ឌរួមនៃគោលនយោបាយសេដ្ឋកិច្ចឌីជីថល ប៉ុន្តែយន្តការអន្តរស្ថាប័នអាចចូលរួមអភិវឌ្ឍវិស័យនេះជាបណ្ដើរៗ ។
លោក បានថ្លែងទៀតថា ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ និងសមាគមធនាគារនៅកម្ពុជា នឹងក្លាយជាបង្គោលចរថ្មីមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមទាំងការបណ្ដុះធុរកិច្ចថ្មីលើវិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងផងដែរ។
លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា “ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ កម្ពុជាបានកសាងខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសលើកំណើនសេដ្ឋកិច្ច ជារៀងរាល់ឆ្នាំ ដែលបច្ចុប្បន្នកម្ពុជាយើង បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលមានទស្សនវិស័យសេដ្ឋកិច្ចវែងឆ្ងាយ” ។
លោក បានបន្តទៀតថា ក្រៅពីភាពរឹងមាំផ្នែកនយោបាយ ដែលបានកសាងកម្ពុជាពីបាតដៃទទេ យើងជឿជាក់ថាបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿន និងចូលរួមកិច្ចការអភិវឌ្ឍន៍ប្រទេស ដែលជួបកង្វះខាតលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាមួយចំនួនពីមុនមក ។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏នឹងផ្ដល់ គុណប្រយោជន៍ដល់ប្រទេសកម្ពុជា ក្នុងការទទួលយកកម្មវិធី ចុងក្រោយមកប្រើប្រាស់ដោយពុំមានឧបសគ្គ ៕