ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ៥ខែដើមឆ្នាំ២០២២ ឈានដល់៥,៥៤ពាន់លានដុល្លារ

ដោយៈ សុខុម

ហាណូយ: ពិធីដ៏អធិកអធមមួយ ត្រូវបានប្រារព្ធឡើងនៅសាលមហោស្រពអូប៉េរ៉ា (Opera House) ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ដើម្បីប្រារព្ធខួបទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា -វៀតណាម ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ ក្រោមការដឹកនាំដោយឧប​នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Lê Minh Khái បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងកាលពី៥៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយថា ក្រោយការជួយរំដោះកម្ពុជា ពីរបបប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទំនាក់ទំនងទ្វេភាគីកាន់តែស្អិតរមួត និងផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយជាពិសេស ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីដែលជាការកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ បានឈានដល់៩,៥៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើងដល់ទៅ៧៩,១%បើធៀបនឹងឆ្នាំ២០២០ ហើយគ្រាន់តែនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេរភាគី បានឈានដល់៥,៥៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា។

បន្ទាប់ពីប្រទេសទាំងពីរ បានបើកព្រំដែនឡើងវិញ ក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ធូរស្រាលច្រើន ភ្ញៀវទេសចរវៀតណាម ដែលមកលេងកម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ នេះបានកើនឡើងដល់៤៦.០០០នាក់ ដែលជាចំនួនខ្ពស់បំផុត ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលមកលេងកំសាន្តនៅកម្ពុជា។

ទន្ទឹមនេះឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Lê Minh Khái ក៏បានអបអរសាទរកម្ពុជា ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដែលកម្ពុជាសម្រេចបានកាលពីពេលថ្មីៗនេះផងដែរ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីៗទាំងនោះ រួមមាន ដូចជា  ការរៀបចំដោយជោគជ័យ នូវការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០២២ កម្ពុជា ក្លាយជាប្រទេសទី១ ក្នុងតំបន់និងជាប្រទេសទី២ ក្នុងពិភពលោកដែលបានប្រកាសលុបបំបាត់វីរុសកូវីដ-១៩ ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស ព្រមទាំងការបំពេញការទទួលខុសត្រូវនានា ក្នុងឋានៈជាប្រធានឆ្លាស់វេនអាស៊ាន ដែលតែងតែពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here