មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មស្នើសុំភាគីចិនពន្លឿនពិធីសារធនាម័យដើម្បីនាំទំនិញ៧មុខទៅកាន់ប្រទេសចិន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើដល់រដ្ឋាភិបាលចិន ពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខា សម្រាប់ការនាំចេញផលិត​ផលកសិកម្មទៅកាន់ប្រទេសចិន។

ផលិតផលកសិកម្ម ដែលគ្រោងនាំចេញទៅកាន់ប្រទេសចិនរួមមាន ផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក សន្និសីទស្តីពី “ការផ្សព្វផ្សាយពិព័​រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជាកាលពីសប្តាហ៍មុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកប៊ុន ចន្ធី បានជម្រាបជូនអង្គសន្និសីទទាំងមូលអំពីកាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររហូតដល់៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឱ្យមានប្រៀប លើការប្រកួតប្រជែង ក្នុងរបត់ទីផ្សារសកល ដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់ និងវីរភាពនៃបុព្វបុរសនៃប្រទេ​សទាំងពីរ ដែលបានបន្សល់ជាកេរដំណែល និងការរក្សាចំណងមិត្តភាពដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះ ឱ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងជាបន្តទៅមុខទៀត។

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ កម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ។

ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលចិនអន្ដរជាតិដោយជោគជ័យ បានចំនួន៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៨ រហូតមក។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាពិព័រណ៍ទំនិញ នាំចូលចិនអន្ដរជាតិ គឺជាវេទិកាពាណិជ្ជកម្មមួយដ៏សំខាន់ សម្រាប់ពិភពលោកទាំងមូល ក្នុងការផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក ហើយការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែរឹងមាំមួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here