កម្ពុជា ឥណ្ឌូនេស៊ីចុះMOUលើកិច្ចសហការសម្រាប់ជម្រុញវិស័យទេសចរណ៍ប្រទេសទាំងពីរ

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការជម្រុញ ទេសចរណ៍ទៅវិញទៅមក។

ពិធីប្រគល់អនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្រ្តី ទេសចរណ៍កម្ពុជា និងឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដែលជាតំណាង លោក Sandiaga Salahudin Uno រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី បានប្រគល់ជូន អនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកន្លងមក តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២នៅខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ផ្តល់ឱកាសកាន់តែច្រើន ក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង ជាពិសេស ការធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរការអភិវឌ្ឍទេសចរណ៍ប្រកបដោយ ចីរភាពរសម្រាប់កម្ពុជា-ឥណ្ឌូនេស៊ីផងដែរ។

លោកថោង ខុន បានកោតសរសើរ ចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានខិតខំប្រឹងប្រែង ដើរនាទីយ៉ាងសំខាន់ ក្នុងឆាកអន្តរជាតិ ក្នុងបរិបទវិបត្តិកូវីដ-១៩ និងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២ ព្រមទាំង ធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាទេសចរណ៍ អាស៊ាន២០២៣ (ATF-2023) និងកិច្ចប្រជុំ កំពូលអាស៊ាន ២០២៣ផងដែរ។

លោកបន្តថា ឆ្នាំនេះ ជាខួបទី៦៣ នៃទំនាក់ទំនង ការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ព្រមទាំង បានថ្លែងអំណរគុណដល់ ទូតឥណ្ឌូនេស៊ី ដែលបានសហការ ជាមួយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងការរៀបចំ កម្មវិធី Batik Kroma ដែលជាព្រឹត្តិការណ៍ ជិះកង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅរមណីយដ្ឋាន អង្គរវត្ត ក្នុងគោលបំណងនេះ ដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង ព្រមទាំងបង្កើនការផ្សព្វផ្សា​យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកY.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាបានសន្យាបន្ត និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទេសចរណ៍ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរ ថែមទៀត។

លោកបន្ថែមទៀតថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំ សិក្ខាសាលាវគ្គបណ្តុះបណ្តាល មូលដ្ឋានស្តីពី ទេសចរណ៍ហាឡាល់ (Tourism Halal) សម្រាប់មន្ត្រី ក្រសួងទេសចរណ៍កម្ពុជា ផងដែរក្នុងគោលដៅទាក់ទាញទេសចរ ម៉ូស្លីមនៅលើសាកលលោកជាពិសេសប្រជាជនឥណ្ឌូនេស៊ី មកទស្សនា នៅកម្ពុជាផងដែរ។

លោកY.M. Sudirman Haseng ក៏បានស្តែងការកោតសរសើរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកប​ដោយភាពជោគជ័យ ភាពរលូន សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

លោកថោង ខុន ក៏បានស្នើដល់ឯកឧត្តម Y.M. Sudirman Haseng ឲ្យជួយជំរុញឲ្យមានជើងហោះហើរត្រង់ រវាងគោលដៅទេសចរ​ណ៍ កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតី អនុស្សារណៈយោគយល់គ្នាខាងលើនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here