ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla ខាតបង់ប្រាក់រាប់ពានលានដុល្លារ

ដោយៈ សុខុម

អាមេរិក: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla Inc បានទទួលរងការ “ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ”។ នេះបើយោងតាមអ្វីដែលកំពូលមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុននេះបានទម្លាយឱ្យដឹងតាមរយៈបទម្ភាសន៍មួយ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ខែមិថុនា។

លោក Elon Musk បានគូសបញ្ជាក់ថា ការខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសាររោងចក្រ Tesla ថ្មីៗរបស់ខ្លួននៅរដ្ឋតិចសាស (សហរដ្ឋអាមេរិក) និងក្រុងប៊ែរឡាំង (អាល្លឺម៉ង់) កំពុងជួបការលំបាកក្នុងការបង្កើនផលិតកម្ម ក៏ព្រោះតែកង្វះអាគុយ និងបញ្ហាកំពង់ផែនៅប្រទេសចិន។

នៅក្នុងបទសម្ភាសន៍មួយនៅ Silicon Valley ក្នុងក្រុង Austin រដ្ឋតិចសាស កាលពីថ្ងៃទី៣១ ខែឧសភា លោក Elon Musk បានលើកឡើងថា ទាំងរោងចក្រនៅក្រុងប៊ែរឡាំង និងរោងចក្រនៅក្រុង Austin គឺកំពុងខាតបង់ប្រាក់យ៉ាងច្រើនសម្បើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពូលមហាសេដ្ឋីរូបនេះនិយាយថា រោងចក្រ Tesla នៅរដ្ឋតិចសាស ផលិតរថយន្តបានចំនួន “តិចតួចណាស់” ដោយសារតែបញ្ហាប្រឈមនានានៅក្នុងការជំរុញការផលិតអាគុយប្រភេទថ្មី “4680” របស់ខ្លួន និងដោយសារឧបករណ៍ សម្រាប់ការផលិតអាគុយប្រភេទធម្មតា “2170” របស់ខ្លួនត្រូវបាន “ជាប់គាំងនៅកំពង់ផែក្នុងប្រទេសចិន”។

លោកបានសង្កត់ធ្ងន់ថា “បញ្ហាទាំងអស់នេះ នឹងត្រូវដោះស្រាយឱ្យបានឆាប់ ប៉ុន្តែវាទាមទារឱ្យមានការយកចិត្តទុកដាក់ជាខ្លាំង”។

លោកបានបន្ថែមទៀតថា រោងចក្រ Tesla នៅទីក្រុងប៊ែរឡាំង ស្ថិតក្នុង “ស្ថានភាពល្អប្រសើរជាងមុនបន្តិច” ព្រោះវាបានចាប់ផ្តើមប្រើប្រាស់អាគុយប្រភេទធម្មតា “2170” សម្រាប់រថយន្តដែលផលិតនៅទីនោះហើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here