ដោយ: លាងហួរ
អាមេរិក: ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិនកាលពីថ្ងៃពុធម្សិលមិញនេះ បានអំពាវនាវឱ្យសភា ផ្អាកយកពន្ធលើឧស្ម័នរយៈពេល៩០ថ្ងៃ ដោយសារប្រជាជនអាមេរិក មានការខកចិត្តចំពោះការកើនឡើងនៃតម្លៃឧស្ម័នរបស់ប្រទេសនេះ។
លោក ចូ បៃដិនបានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយ នៅឯអគារការិយាល័យប្រតិបត្តិEisenhowerថា ការព្យួរពន្ធលើឧស្ម័នចំនួន១៨សេនសម្រាប់រយៈពេល៩០ថ្ងៃបន្ទាប់ យើងអាចកាត់បន្ថយតម្លៃឧស្ម័ន និងអាចផ្តល់ជូនប្រជាជននូវតម្លៃធូរស្រាលជាងមុន។
លោកចូបៃដិនបានអំពាវនាវ ដល់ក្រុមហ៊ុនឧស្ម័ននានា ឱ្យកាត់បន្ថយតម្លៃ១៨សេន ជូនដល់អ្នកប្រើប្រាស់ ដែលលោកបានហៅស្ថានភាពនេះថា “មិនមែនជាពេលរកប្រាក់ចំណេញនោះទេ”។
រដ្ឋាភិបាលសហព័ន្ធអាមេរិកគិតពន្ធ១៨ភាគរយ ក្នុងមួយហ្គាឡុងឧស្ម័ន ដែលអ្នកប្រើប្រាស់ទិញ និងពន្ធ២៤ភាគរយ ក្នុងមួយហ្គាឡុងប្រេងម៉ាស៊ូតដែលពួកគេទិញ។ វាជាពន្ធដែលមានរយៈពេល៩០ឆ្នាំមកហើយ។ សំណើរបស់ លោកចូបៃដិនបានកើតឡើង នៅពេលដែលសមាគមរថយន្តអាមេរិក (AAA) បានរាយការណ៍ថា តម្លៃជាមធ្យមសម្រាប់ប្រេងសាំងធម្មតាមួយលីត្រ នៅតែកើនឡើងនៅ៤,៩៥៥ដុល្លារអាមេរិក កាលពីថ្ងៃពុធ ដែលតម្លៃនេះ បានធ្លាក់ចុះបន្តិចពី៥,០១៤ដុល្លារ កាលពីសប្តាហ៍មុន ប៉ុន្តែនៅតែខ្ពស់ជាង៣,០៦៩ដុល្លារកាលពីឆ្នាំមុន៕