វិនិយោគិនកម្ពុជា២៨រូប ស្វែងរកឱកាសវិនិយោគជាមួយអ្នកធុរកិច្ច ម៉ាឡេស៊ី

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ វិនិយោគិនកម្ពុជាចំនួន ២៨រូប នៃសមាគមវិនិយោគិននវានុវត្តន៍និងអភិវឌ្ឍន៍ (IDI) និងវិនិយោគិនម៉ាឡេស៊ីចំនួន១៦ក្រុមហ៊ុន ដែលមានប្រភេទអាជីវកម្មចំនួន៩ បានជួបប្រជុំគ្នា ដើម្បីបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសវិស័យឧស្សាហកម្ម សុខាភិបាល សួនកំសាន្ត សំណង់ ហិរញ្ញវត្ថុ ចំណីអាហារ ទេសចរណ៍ និងភេសជ្ជៈ។

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ជំនួបរវាងអ្នកវិនិយោគម៉ាឡេស៊ី និងសមាគម IDI និងក្រុមហ៊ុន ID Capital PLC (IDC) ជាការចាប់ផ្តើមក្នុងការសហការវិនិយោគរួមគ្នា និងការផ្តល់នូវព័ត៌មានអំពីការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហោ សេរីវឌ្ឍន៍ ប្រធានសមាគម IDI និងជាប្រធានក្រុមប្រឹក្សាភិបាល IDC បានមានប្រសាសន៍ថា ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំ IDI/IDC លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់អ្នកវិនិយោគម៉ាឡេស៊ី ចំពោះកម្ពុជានាឱកាសនេះ។ ដោយយោងលើស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជាកំពុងល្អប្រសើរ បន្ទាប់ពីបញ្ហាកូវីដ១៩ ត្រូវបានគ្រប់គ្រងបានទាំងស្រុង ច្រកហោះហើរ និងផ្លូវគោក ត្រូវបើកទូលាយយើងសង្ឃឹមថា ឱកាសវិនិយោគនឹងល្អប្រសើរផងដែរ។

តាមរយៈជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញអំពីពាណិជ្ជកម្ម និងបានសម្លឹងមើលឃើញសក្តានុពល នៃបរិបទវិនិយោគ នៅកម្ពុជា ជាពិសេសការបើកការវិនិយោគដោយទូលាយពីបរទេស។ ភាគីម៉ាឡេស៊ី សន្យាថា នឹងនាំយកព័ត៌មាន ដែលទទួលបានពីការសិក្សានាពេលនេះ ទៅបង្ហាញជូនក្រុមវិនិយោគិនម៉ាឡាស៊ី ដើម្បីចាប់យកឪកាសវិនិយោគនៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI ទៅទស្សនៈកិច្ចសិក្សាអំពីពាណិជ្ជកម្ម នៅម៉ាឡេស៊ីផងដែរ។ វិនិយោគិនម៉ាឡេស៊ី បង្ហាញជំនឿចិត្តថា នឹងអាចមានការវិនិយោគនៅកម្ពុជានាពេលខាងមុខ បន្ទាប់ពីបានសិក្សាជាមួយ IDI / IDC។

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានបង្កើតឡើងក្នុងឆ្នាំ២០២០ ក្នុងបេសកម្មចង់ក្លាយជាកន្លែងប្រមូលផ្តុំ ការវិនិយោគ អ្នកវិនិយោគិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផ្សេងៗទៀត ដើម្បីវិនិយោគហើយជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់រីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here