ដោយ៖ សុផារី
ភ្នំពេញ៖ Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។
នេះបើតាមការចេញផ្សាយរបស់ក្រសួង ក្នុងឱកាសជំនួបរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart នៅថ្ងៃទី២២ ខែមិថុនានេះ។
Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល២,៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។
នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ជាការឆ្លើយតប លោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស៕