ដោយៈលក្ខិណា
ភ្នំពេញៈ តម្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ បានហក់ឡើងមួយកម្រិតទៀត ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ាស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពេលដឹកនាំប្រតិភូទៅចូលរួមទស្សនកិច្ចវិស័យឡូជីស្ទីក កាពីលល្ងាចថ្ងៃទី២១ មិថុនា ២០២២។
លោកឧកញ៉ាបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២០ ២០២១ វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា បានជួបនឹងបញ្ហាជាច្រើន ដោយសារតែវិបត្តិកូវីដ១៩ ។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនដឹកជញ្ជូនប្រមាណ៣០ភាគរយបានជួបនឹងបញ្ហាហិរញ្ញវត្ថុ ហើយបានផ្អាកដំណើរការ។ ក្រៅពីនោះ ប្រមាណ៦០ភាគរយទៀត ក៏បានប្រឹងប្រែងធ្វើដំណើរការ ទាំងត្រដាបត្រដួស រហូតមកដល់ឆ្នាំ២០២២នេះ។
លោកឧកញ៉ាបន្តថា “មកដល់ឆ្នាំ២០២២នេះវិញ វិស័យដឹកជញ្ជូនយើងក៏បានជួបប្រទះនឹងបញ្ហាម្ដងទៀត ដោយសារតែវិបត្តិនៃតម្លៃប្រេងសាំងឡើងថ្លៃ”។ លោកបន្តថា ប៉ុន្តែយ៉ាងណា កាលពីការឡើងថ្លៃដំបូងៗយើងក៏មិនទាន់បានឡើងថ្លៃដឹកជញ្ជូនទេ ពីព្រោះយើងនៅចង់ជួយរដ្ឋាភិបាលដើម្បីជំរុញសេដ្ឋកិច្ច ឱ្យងើបឡើងវិញបានលឿន។ តែមកដល់អំឡុងខែមេសា និងឧសភា យើងក៏បានសម្រេចឡើងថ្លៃដឹកជញ្ជូន ពីអតិថិជនរបស់យើងត្រឹម១៥ទៅ២០ភាគរយ ហើយពេលណាតម្លៃប្រេងសាំងធ្លាក់ចុះវិញយើងក៏នឹងបញ្ចុះតម្លៃដឹកជញ្ជូនវិញផងដែរ។
លោកឧកញ៉ាបន្ថែមថា ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចសកលក៏ដូចជាតម្លៃប្រេងសាំងបានហក់ឡើងក្ដី តែសកម្មភាពនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នៅកម្ពុជា បានត្រលប់មកជាធម្មតាវិញហើយ។ នេះគឺជាអ្វីដែលយើងចង់បាន ហើយយើងក៏កំពុងបង្កើនសកម្មភាពដឹកជញ្ជូនរបស់យើងកាន់តែច្រើនបន្ថែមទៀត ។
គិតត្រឹមថ្ងៃទី២១ មិថុនា ២០២២នេះ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជានៅតែមានតម្លៃខ្ពស់ដដែល ក្នុងនោះតម្លៃប្រេងសាំង៥៨០០រៀលក្នុងមួយលីត្រ តម្លៃប្រេងម៉ាស៊ូត៦៣០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល១០ថ្ងៃមុន ប្រេងសាំងធម្មតានៅរក្សាដដែល ចំណែកប្រេងម៉ាស៊ូតហក់ឡើង២០០រៀលក្នុងមួយលីត្របន្ថែមទៀត ៕