ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលបានបើកដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ។
លោកទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការ របស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្របសម្រួល។
លោកបន្ថែមថា “មជ្ឈមណ្ឌលនេះជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅ មកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន”។
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងគៀងគរ ការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ជាពិសេសផ្សារភ្ជាប់នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ៕