ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានអនុម័តឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ១៨៤៣ហិកតា។
គំរោងវិនិយោគរមណីយដ្ឋានទេសចរណ៍នេះ នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ការអនុម័តគំរោងនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះផ្ទៃដីទំហំ១០២១ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។
លើសពីនេះ ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យទេសចរណ៍ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈEco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។
ជាមួយគ្នានេះ ក្រសួងបានស្នើឲ្យក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំងធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អ ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រពាក់ព័ន្ឋផងដែរ៕