ប្រទេសថៃសម្រេចបានជោគជ័យលើការចចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប

ដោយ: លាងហួរ

ប្រទេសថៃ: ក្រោយពីការព្យាយាមអស់ រយៈពេលជាង២០ឆ្នាំមក ទីបំផុតក្រសួងពាណិជ្ជកម្មថៃ បានទទួលជោគជ័យក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។

យោងតាមសារព័ត៌មានThe Nation ចុះផ្សាយនៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះបានឲ្យដឹងថា ប្រទេសថៃបានចរចាដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ     សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប(EFTA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

EFTA ដែលជាអង្គការអន្តររដ្ឋាភិបាល នៃប្រទេសអ៊ីស្លង់ លីចតេនស្ទីន ន័រវេស និងប្រទេសស្វីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មសេរី និងសមាហរណកម្មសេដ្ឋកិច្ចរវាងសមាជិក។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មមកពីប្រទេសទាំង៤ក្នុងអាហារថ្ងៃត្រង់ កាលពីថ្ងៃចន្ទនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Borgarnes នៃប្រទេសអ៊ីស្លង់។

លោកJurinបានមានប្រសាសន៍ថា នាយកប្រតិបត្តិជាន់ខ្ពស់របស់ EFTA ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំផ្លូវការ ក្នុងប្រទេសថៃចាប់ពីថ្ងៃទី២៨ ដល់ទី៣០ខែមិថុនា ដើម្បីពិភាក្សាបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាពេលអនាគតរវាងប្រទេសថៃ និងសមាជិក EFTA។

លោកបន្តថា “យើងរំពឹងថាការចរចាពាណិជ្ជកម្មសេរី នឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ”។

ទំហំពាណិជ្ជកម្មរបស់ប្រទេសថៃ ជាមួយEFTA ក្នុងឆ្នាំ២០២១មានតម្លៃ៧,៥ពាន់លានដុល្លារ ហើយក្រសួងពាណិជ្ជកម្មរំពឹងថា ចំនួននេះនឹងកើនឡើងច្រើនជាងទ្វេដង នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសថៃនិងEFTA ចូលជាធរមាន។

កតិកាសញ្ញានេះ នឹងកាត់បន្ថយពន្ធ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី និងបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិក្នុងចំណោមភាគីកិច្ចសន្យា។

លោកJurin និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅប្រទេសអ៊ីស្លង់តាំងពីថ្ងៃអាទិត្យ ដើម្បីផ្សព្វផ្សាយផលិតផលថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here