ដោយ សុខុម
សិង្ហបុរី: ការនាំចូលប្រេងឆៅរបស់មហាយក្សចិន ពីប្រទេសរុស្ស៊ី បានកើនឡើងរហូតដល់៥៥%បើធៀបនឹងឆ្នាំ២០២១ ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែឧសភា ឆ្នាំ២០២២ ដោយរុស្ស៊ី បានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាអ្នកផ្គត់ផ្គង់ដ៏កំពូលរបស់ប្រទេសចិន។
កំណើននាំចូលយ៉ាងគំហុកនេះកើតមានឡើង ស្របពេលបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងចិន សម្រុកទិញប្រេងឆៅបញ្ចុះតម្លៃថោកៗរបស់រុស្ស៊ី ស្របពេលលោកខាងលិច និងបណ្ដាប្រទេសសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងមូស្គូ ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា។
យោងតាមទិន្នន័យពីរដ្ឋបាលគយទូទៅរបស់ប្រទេសចិន បង្ហាញថា ការនាំចូលប្រេងរបស់រុស្ស៊ី មានចំនួនសរុបជិត៨,៤២លានតោន។ ការនាំចេញនេះរួមទាំងការផ្គត់ផ្គង់ដែលបូមតាមបំពង់បង្ហូរប្រេង East Siberia Pacific Ocean (ESPO) ដែលជាប្រព័ន្ធបង្ហូរប្រេងតាមសមុទ្រសម្រាប់ការនាំចេញប្រេងឆៅរុស្ស៊ី មកកាន់ទីផ្សារនានានៅអាស៊ី-ប៉ាស៊ីហ្វិក (ជប៉ុន ប្រទេសចិន និងកូរ៉េ) និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី ផងដែរ។
តួលេខនេះគឺស្មើនឹងប្រមាណ១,៩៨លានបារ៉ែលក្នុងមួយថ្ងៃ (bpd) បើធៀបនឹង១,៥៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមេសា។
ទិន្នន័យបង្ហាញថា រដ្ឋាភិបាលក្រុងមូស្គូ នៅតែមានលទ្ធភាពអាចស្វែងរកអ្នកទិញប្រេងរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចយ៉ាងណាក៏ដោយចុះ ប៉ុន្តែទន្ទឹមនេះរុស្ស៊ី ត្រូវបង្ខំចិត្តលក់បញ្ចុះតម្លៃយ៉ាងច្រើនផងដែរ។
ហើយខណៈពេលតម្រូវការប្រេងឆៅសរុបរបស់ប្រទេសចិន ត្រូវបានរាំងស្ទះដោយសារវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ច បណ្ដាក្រុមហ៊ុននាំចូលឈានមុខគេរបស់ចិន បានសម្រុកបង្កើនការទិញប្រេងឆៅថោកៗរបស់រុស្ស៊ី បន្ថែមពីលើការផ្គត់ផ្គង់ប្រេងពីប្រទេសអ៊ីរ៉ង់ និងប្រទេសវេណេហ្ស៊ុយអេឡា ដែលសុទ្ធតែទទួលរងទណ្ឌកម្ម៕ Reuters៕