ដោយ៖ លក្ខិណា
ភ្នំពេញ ៖ តាមរយៈការយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ២០១៩-២០២៥ បានបង្ហាញថាការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជាមានអត្រាតែ១៨ភាគរយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៣៥ ក្នុងចំណោម១៤៥ប្រទេស។ ចំណុចនេះបង្ហាញថាកម្ពុជា សម្រាប់ការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ។
នេះបើតាមលោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា ថ្លែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ក្នុងពិធីប្រគល់ពានរង្វាន់ការផលិតវីដេអូស្ដីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២នៅកម្ពុជា លោកខុម ច័ន្ទតារាបានឱ្យដឹងថា ការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាស្នូលមួយដ៏សំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ សំដៅសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន ស៊ីប៊ីស៊ី បានកំណត់ការយល់ដឹង លើចំណេះដឹងហិរញ្ញវត្ថុ ជាអាទិភាពមួយ ក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុ ដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ។
លោកថា ”ដើម្បីសម្រេចនូវអាទិភាពនេះ ស៊ីប៊ីស៊ី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពជាអាទិ៍ ១. ការអប់រំ និងបណ្ដុះបណ្ដាល ២. ការផ្សព្វផ្សាយ ៣. ការបង្កើតប្រព័ន្ធនិង Platform ឌីជីថលនិង ៤. ការស្រាវជ្រាវជាដើម”។
លោក ង៉ោ លីកូ អនុប្រធាន គណៈកម្មាធិការបរិយាប័ន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា គឺជារបៀបវារៈចម្បងមួយ ក្នុងចំណោមរបៀបវារៈចម្បងៗដទៃទៀត ដែលសមាជិក ក៏ដូចជាសមាគមធនាគារនៅកម្ពុជា ជាពិសេសគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ បាននឹងកំពុងអនុវត្ត និងបានដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ។ តួយ៉ាង គណៈកម្មាធិការយើងបាននឹងកំពុងផលិតជាសម្ភារៈផ្សព្វផ្សាយស្តីពីចំណេះដឹងហិរញ្ញវត្ថុផ្សេងៗដទៃទៀត រួមមាន សៀវភៅនិយាយពីលុយសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ កម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លីៗដែលឈានដល់ការប្រគល់ពានរង្វាន់នាពេលនេះ ព្រមទាំងការផលិតវីដេអូនិងកម្មវិធីអប់រំផ្សេងៗទៀត។
លោកបន្តថា សមាគមធនាគារនៅកម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈសិក្ខាសាលាស្តីពីវិស័យហិរញ្ញវត្ថុនៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមបណ្តាស្រុក ក្រុង និងខេត្តនៅទូទាំងប្រទេសកម្ពុជាផងដែរ៕