ដោយ៖ លាងហួរ
អាមេរិក៖ មន្ត្រីកំពូលអាមេរិកពីររូប បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងពិនិត្យមើលការដកពន្ធមួយចំនួនលើប្រទេសចិននិងការផ្អាកយកពន្ធលើឧស្ម័ន ខណៈដែលសហរដ្ឋអាមេរិកព្យាយាមដោះស្រាយការឡើងថ្លៃសាំង និងអតិផរណា។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការកំណត់ពន្ធគយមួយចំនួនលើប្រទេសចិននៅតែបានបន្តពីរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូ ណាល់ត្រាំ ដែលត្រូវបានគេជឿថា “មិនបានបម្រើឱ្យគោលបំណងជាយុទ្ធសាស្រ្តណាមួយទេ”។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែពេលនេះ លោក ចូ បៃដិន កំពុងពិនិត្យនិងពិចារណាលើការដកពន្ធមួយចំនួនចេញ ដែលជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយអតិផរណា ដែលកំពុងកើនឡើងខ្ពស់។
លោក Jennifer Granholm រដ្ឋមន្ត្រីថាមពល បានមានប្រសាសន៍ថា លោកបៃដិនក៏កំពុងវាយតម្លៃការផ្អាកពន្ធលើឧស្ម័ន ដើម្បីកាត់បន្ថយតម្លៃប្រេងសាំងផងដែរ។
ការអត្ថាធិប្បាយនេះបានកើតឡើង ខណៈដែលរដ្ឋបាលលោកបៃដិនកំពុងខិតខំដោះស្រាយបញ្ហាតម្លៃប្រេងសាំងឡើងខ្ពស់ និងអតិផរណា នៅសហរដ្ឋអាមេរិក ដែលបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។
លោកស្រី Loretta Mester ប្រធានធនាគារកណ្តាល Cleveland បានមានប្រសាសន៍ថា វិបត្តិអតិផរណានៅសហរដ្ឋអាមេរិកត្រូវចំណាយពេល២ឆ្នាំ ដើម្បីធ្លាក់ចុះជាបណ្តើរៗ ដល់គោលដៅ២ភាគរយ របស់ធនាគារកណ្តាល។
លោក Yellen បានប្រាប់ទៅកាន់សារពត៌មាន ABC News ថារដ្ឋបាលអាមេរិកកំពុងពិនិត្យមើលគោលនយោបាយពន្ធគយរបស់ប្រទេសចិន ប៉ុន្តែមិនបានលើកឡើងពីបញ្ហានេះជាក់លាក់នោះទេ ហើយអាមេរិកបានបដិសេធមិននិយាយ ថាពេលណាអាច មានការសម្រេចចិត្តលើការដកពន្ធនេះទេ។
ការដំឡើងពន្ធលើទំនិញចិនមានតម្លៃរាប់រយពាន់លានដុល្លារ ក្នុងអាណត្តិរបស់លោកដូណាល់ត្រាំ ចំពេលមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ក្នុងពិភពលោក គឺប្រទេសចិននិងសហរដ្ឋអាមេរិក៕