ទីក្រុងភ្នំពេញទទួលគម្រោងវិនិយោគចំនួន២៥តម្លៃជាង២៧០លានដុល្លារ ក្នុងរយៈពេលជាង៥ខែ

ដោយ៖​វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលជាង៥ខែកន្លងមក ភ្នំពេញទទួលបានគម្រោងវិនិយោគចំនួន២៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបចំនួន២៧១លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយចាប់តាំងពីខែមករា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២។

របាយការណ៍បង្ហាញថា គម្រោងវិនិយោគមានទឹកប្រាក់ច្រើនជាងគេ ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលជាង៥ខែក្នុងឆ្នាំ២០២២នេះ គឺទឹកប្រាក់១២៩លានដុល្លារអាមេរិកជាគម្រោងសាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងបង្កើតការងារបានចំនួន៧៣៧កន្លែង​។

ក្រៅពីនេះ ក៏មានគម្រោង ដែលមានទឹកប្រាក់១៥លានដុល្លារអាមេរិក ដែលចាត់ទុកជាគម្រោងធំទី២នៅភ្នំពេញ គឺជាគម្រោងវិនិយោគលើអគារមន្ទីរពេទ្យពហុព្យាបាល Phnom Penh General Hospital នៅសង្កាត់វាលវង់ ខណ្ឌ៧មករា និងអាចបង្កើតការងារបានចំនួន៤៥៨នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីគម្រោងទាំងនេះ គម្រោងវិនិយោគផ្សេងទៀតភាគច្រើន មានទឹកប្រាក់ក្រោម១០លានដុល្លារអាមេរិក និងភាគច្រើនជាគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្ម នៅតំបន់ជាយក្រុង ដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតនូវសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាបានលើកឡើងថា ក្រោយវិបត្តិកូវីដ១៩ ប្រទេសកម្ពុជាចាប់ផ្ដើមទទួលបានសកម្មភាពវិនិយោគថ្មីៗឡើងវិញហើយ ជាពិសេសនោះ ក្នុងវិស័យឧស្សាហកម្មរោងចក្រ សម្រាប់ផលិតនូវទំនិញ សម្រាប់បម្រើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើង ថា ផែនការពង្រីកទីក្រុងភ្នំពេញ បាននិងកំពុងជះឥទ្ធិពលដល់វិស័យដីធ្លី និងការវិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ។ មានក្រុមហ៊ុននិងអ្នកអភិវឌ្ឍន៍ជាច្រើនបានទៅកាន់តំបន់ទាំងនោះ ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញរបស់ខ្លួន។ ក្នុងនោះ មានខ្លះក៏អភិវឌ្ឍន៍ទៅជាលំនៅឋាន ខ្លះសង់ឃ្លាំង សង់រោងចក្រដើម្បីទុកជួលពេលមានតម្រូវការលើវិស័យឧស្សាហកម្ម និងវិស័យមួយចំនួនទៀត។

លោកបន្តថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាចាប់ផ្ដើមទទួលបានការវិនិយោគពីបរទេសវិញបណ្ដើរៗតែក្នុងបរិមាណតិចតួចនៅឡើយ ដោយរំពឹងថានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាង វិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជា ដើម្បីស្វែងរកការវិនិយោគឡើងវិញ ស្របពេលនឹងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here