សម្តេចតេជោគ្រោងអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សំរាកចំនួន៥ថ្ងៃជំនួសបុណ្យ ចូលឆ្នាំខ្មែរដែលបានផ្អាក

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយកដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នៅចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះដែលជាការឈប់សំរាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលបានផ្អាកកាលពីពេលកន្លងទៅ។

សម្តេតេជោហ៊ុន សែន បានមានប្រសាសន៍ តាមរយៈសារផ្ញើរជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវបានចែកចាយតាមរយៈបណ្តាញសង្គមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២០នេះ ដោយបានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំគណៈកម្មកំណត់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីសងដល់វិញ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរ ទើបរាជរដ្ឋាភិបាលសម្រេចលើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩មកដល់ប្រជាពលរដ្ឋ ។

សម្តេចតេជោបន្តថា “រហូតមកទល់ពេលនេះ វាជាពេលសមល្មម ដែលត្រូវសងតាមការសន្យា ជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យ  ពោលគឺឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here