ដោយ: លាងហួរ
ប្រទេសចិន: មន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បានប្តេជ្ញាចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ក្រុមហ៊ុនឯកជន និងជំរុញការវិនិយោគឯកជន។
លោកMeng Weiអ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ បានប្រាប់សន្និសីទសារព័ត៌មានថា គោលនយោបាយជាក់លាក់ នឹងអនុវត្តន៍ក្នុងវិស័យចំនួនប្រាំមួយ ដូចជាការជំរុញគម្រោងសំខាន់ៗ និងការសម្របសម្រួល ការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនឯកជន និងការធ្វើឱ្យបរិយាកាសវិនិយោគប្រសើរឡើងវិញ។
គណៈកម្មាការនឹងជ្រើសរើស បង្កើតគម្រោងជាតិសំខាន់ៗ ដែលអាចទាក់ទាញការវិនិយោគត្រឡប់មកប្រទេសចិនវិញ និងបង្កើតលក្ខខណ្ឌដែលមានភាពល្អប្រសើរ ដើម្បីទាក់ទាញទុនវិនិយោគឯកជនតាមវិធីផ្សេងៗ។
លោកMengបានមានប្រសាសន៍ថា គណៈកម្មការនឹងធានាបន្ថែមទៀតនូវការប្រើប្រាស់ដី សមុទ្រ ថាមពល ទឹក ទុន និងកត្តាផ្សេងៗទៀតនៃគម្រោងវិស័យឯកជន ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងទំហំវិនិយោគដ៏ធំ។
កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តដល់គម្រោង ដែលមានគុណភាពខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអចលនទ្រព្យ និងភ្ជាប់អ្នកវិនិយោគឯកជន ជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទាន។
លោកMengបានកត់សម្គាល់ថា គណៈកម្មាការនឹងណែនាំ និងជួយដល់ក្រុមហ៊ុនឯកជន ក្នុងការកំណត់គោលដៅ និងកែលម្អការសម្រេចចិត្តក្នុងការវិនិយោគ និងគ្រប់គ្រងទំហំហិរញ្ញប្បទានបំណុល ដើម្បីជៀសវាងហានិភ័យជាយថាហេតុ។
កិច្ចខិតខំប្រឹងប្រែង ក៏នឹងត្រូវធ្វើឡើងផងដែរ ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ប្រកបដោយយុត្តិធម៌ តម្លាភាព និងផ្អែកលើច្បាប់សម្រាប់សហគ្រាសក្រោមគ្រប់ទម្រង់នៃភាពជាម្ចាស់ និងជំរុញកំណើនប្រកបដោយគុណភាពខ្ពស់នៃការវិនិយោគឯកជន៕