ដោយ៖ លាងហួរ
ជប៉ុន៖ ប្រទេសជប៉ុនបានជួបប្រទះឱនភាពពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ក្នុងខែឧសភា ដោយសារតម្លៃទំនិញឡើងថ្លៃខ្ពស់ និងការធ្លាក់ចុះនៃប្រាក់យ៉េន ដែលបានធ្វើឱ្យការនាំចូលកើនឡើងខ្លាំង។
កំណើនឱនភាពពាណិជ្ជកម្ម បានគូសបញ្ជាក់ឱ្យឃើញថា ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃប្រាក់យ៉េន និងការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើម ដែលក្រុមហ៊ុនផលិតក្នុងស្រុកពឹងផ្អែកលើការផលិត។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចូលបានកើនឡើង៤៨,៩ភាគរយ នៅក្នុងខែឧសភា លើសពីការព្យាករណ៍ទុកសម្រាប់ការកើនឡើង ដែលកំណត់ត្រឹមតែ៤៣,៦ភាគរយ។
ការនាំចូលបានកើនលើសការនាំចេញ១៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលដូចគ្នា ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្ម ក្នុងទំហំ២,៣៨៥ពាន់ពាន់លានយ៉េន (ប្រហែល១៧,៨ពាន់លានដុល្លារ) ដែលជាការខាតបង់ដ៏ធំបំផុត ក្នុងរយៈពេលត្រឹមមួយខែ ចាប់តាំងពីខែមករា ឆ្នាំ២០១៤មក។
លោកស្រី Harumi Taguchi សេដ្ឋវិទូនៅក្រុមហ៊ុន S&P Global Market Intelligence បានមានប្រសាសន៍ថា ប្រាក់យ៉េនទន់ខ្សោយគឺជាកត្តាសំខាន់ នៅពីក្រោយការកើនឡើងនៃការនាំចូល។
ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានធ្លាក់ចុះ០,២ភាគរយ ក្នុងរយៈពេល១២ខែ ដល់ខែឧសភា ដោយសារការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូនទៅកាន់ប្រទេសចិនកាន់តែខ្សោយ៕