ដោយ៖ សុខុម
វ៉ាស៊ីនតោន: ធនាគារកណ្តាលអាមេរិក (Federal Reserve) កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា បានប្រកាសដំឡើងអត្រាការប្រាក់ច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រជិត៣០ឆ្នាំមកនេះ ដើម្បីទប់អតិផរណាដែលហក់ឡើងកាន់តែខ្ពស់។
ការដំឡើងអត្រាការប្រាក់រហូតដល់ទៅ០,៧៥%នេះធ្វើឡើង ខណៈធនាគារកណ្តាលអាមេរិក ទទួលរងសម្ពាធយ៉ាងខ្លាំងឱ្យជួយទប់ការឡើងថ្លៃឧស្ម័ន និងថ្លៃចំណីអាហារដែលបានធ្វើឱ្យពលរដ្ឋអាមេរិក រាប់លាននាក់រស់មួយគែទាំងលំបាក និងបានធ្វើឱ្យប្រជាប្រិយភាពរបស់ប្រធានាធិបតី ចូ បៃឌិន ធ្លាក់ចុះយ៉ាងខ្លាំង។
លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក បានលើកឡើងថា ការធ្វើឱ្យអតិផរណាធ្លាក់ចុះគឺ “ចាំបាច់ណាស់” ហើយក្រុមអ្នកបង្កើតគោលនយោបាយ “មានទាំងឧបករណ៍ដែលយើងត្រូវការ និងការប្ដេជ្ញាចិត្តដើម្បីស្ដារស្ថិរភាពតម្លៃទំនិញជួសមុខឱ្យគ្រួសារពលរដ្ឋអាមេរិក”។
លោកសង្កត់ធ្ងន់ថា គោលដៅគឺដើម្បីទម្លាក់អតិផរណា និងបញ្ចុះថ្លៃទំនិញដោយមិនធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះ ប៉ុន្តែបានទទួលស្គាល់ថា ហានិភ័យនៅតែមាន។
គណៈកម្មាធិការទីផ្សារសេរីសហព័ន្ធ ដែលជាអ្នកកំណត់គោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ពី០%នៅដើមឆ្នាំ២០២២ នេះរហូតដល់ចន្លោះ១,៥%ទៅ១,៧៥%។
ហើយការដំឡើងអត្រាការប្រាក់រហូតដល់ទៅ០,៧៥% នេះគឺជាលើកដំបូងហើយចាប់តាំងពីខែពីខែវិច្ឆិកា ឆ្នាំ១៩៩៤ ពោលគឺ២៨ឆ្នាំមុន៕