ដោយៈសុខុម
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់របស់កម្ពុជា បានលើកឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា នេះថា ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការធានាសន្តិសុខថាមពលរបស់កម្ពុជា ដែលជាធាតុផ្សំដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ថា គម្រោងវិនិយោគនានារបស់ប្រទេសចិន ដូចជាទំនប់វារីអគ្គិសនី រោងចក្រថាមពលដើរដោយធ្យូងថ្ម និងរោងចក្រថាមពលដើរដោយសូឡា (ពន្លឺព្រះអាទិត្យ) គ្របដណ្ដប់រហូតដល់ទៅ៦៥,៧% នៃថាមពលសរុបដែលផលិតបាននៅកម្ពុជា។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) ថា “រោងចក្រថាមពល ដែលវិនិយោគដោយប្រទេសចិន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដែលបានរួមចំណែកដល់ការធានា នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគួរឱ្យទុកចិត្តនៅកម្ពុជា”។
លោកបានបន្ថែមទៀតថា ការចូលរួមរបស់បណ្ដាក្រុមហ៊ុនចិន នៅក្នុងវិស័យថាមពល ក៏ជួយធានាបាននូវតម្លៃអគ្គិសនី សមរម្យនៅក្នុងប្រទេសផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់មហាយក្សចិន បានជំរុញលើកទឹកចិត្តបណ្ដាវិនិយោគិនចិន ឱ្យមកបណ្តាក់ទុ នក្នុងវិស័យថាមពលរបស់កម្ពុជា ជាពិសេសលើថាមពលកកើតឡើងវិញដូចជាទំនប់វារីអគ្គិសនី និងស្ថានីយថាមពលសូឡាជាដើម។
អាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា តម្រូវការអគ្គិសនីនៅកម្ពុជា មានទំហំ៤.០១៤មេហ្គាវ៉ាត់ (MWs) ក្នុងឆ្នាំ២០២១។
អាជ្ញាធរអគ្គិសនីកម្ពុជាបានបន្ថែមទៀតថា អគ្គិសនីប្រមាណ៣.០៣៣មេហ្គាវ៉ាត់ (MWs) ត្រូវបានផលិតឡើងនៅក្នុងស្រុក ដោយទំនប់វារីអគ្គិសនី រោងចក្រថាមពលដើរដោយធ្យូងថ្ម រោងចក្រថាមពលដើរដោយឥន្ធនៈម៉ាស៊ូត ស្ថានីយថាមពលសូឡា និងរោងចក្រថាមពលជីវម៉ាស ហើយថា អគ្គិសនីប្រមាណ៩៨១មេហ្គាវ៉ាត់ (MWs) ត្រូវបាននាំចូលពីបណ្ដាប្រទេសជិតខាងដូចជាថៃ ឡាវ និងវៀតណាម៕ Xinhua៕