រយៈពេល២៥ឆ្នាំកូរ៉េបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាជាង១,៧ពាន់លានដុល្លារអាមេរិក

 ដោយៈលក្ខិណា

ភ្នំពេញៈ ប្រទេសកូរ៉េខាងត្បូង ចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា និងតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាក់ស្ដែងគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងទំហំទឺកប្រាក់សរុបប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិក។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយជំនួបរវាងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់ដែលកូរ៉េផ្ដល់ជូនកម្ពុជា ក្នុងនោះមានឥណទានសម្បទាន មានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមា​ណជាង៤៥៥លានដុល្លារអាមេរិក ។

នៅក្នុងជំនួបរវាងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KIM Kyung Hee អគ្គនាយិកាទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសសាធារណរដ្ឋកូរ៉េ កាលពីដើមសប្ដាហ៍នេះ កម្ពុជាក៏ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្តផងដែរ ។

លោកអូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះលទ្ធផលផ្កែផ្កា ក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតគោលនយោបាយលើកទី៤ រវាង   រដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាព គម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ ដែលមានទឹកប្រាក់ឥណទានប្រមាណ១,៥ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ២០២២ -២០២៤មានទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា ដូចជាផ្លូវជាតិ ផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាលនិងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងតែជាគម្រោងក្នុងវិស័យអាទិភាពចំបងរបស់កម្ពុជា ។

កម្ពុជា កូរ៉េ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀតផងដែរ លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងកែលម្អ បណ្ដាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ឥណទានសម្បទា​នចំនួន៦០លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here