ដោយៈ សុខុម
ប៉េកាំង: ទិន្នន័យពីការិយាល័យជាតិស្ថិតិចិន (NBS) បានបង្ហាញនៅថ្ងៃពុធ ទី១៥ ខែមិថុនា នេះថា ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៤%ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២។
ការិយាល័យជាតិស្ថិតិចិន (NBS) និយាយថា ការវិនិយោគសរុបលើអចលនទ្រព្យ ក្នុងរយៈពេលនេះ មានទំហំទឹកប្រាក់៥,២១ទ្រីលានយ័ន (៧៧២ពាន់លានដុល្លារអាមេរិក។
ការវិនិយោគលើសំណង់លំនៅដ្ឋាន មានទំហំទឹកប្រាក់៣,៩៥ទ្រីលានយ័ន (៥៨៨,៣ពាន់លានដុល្លារអាមេរិក) ដោយធ្លាក់ចុះ៣%។
ជាមួយគ្នានេះ ការលក់លំនៅដ្ឋានអាជីវកម្ម គិតជាផ្ទៃសរុបមានចំនួន៥០៧,៣៨លានម៉ែត្រការ៉េ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២ ដោយធ្លាក់ចុះ២៣,៦%។
យោងតាមការិយាល័យជាតិស្ថិតិចិន (NBS) បានឱ្យដឹងថា បើនិយាយពីតម្លៃវិញ ការលក់លំនៅដ្ឋានអាជីវកម្ម បានធ្លាក់ចុះ៣១,៥%មកនៅត្រឹម៤,៨៣ទ្រីលានយ័ន (៧១៩,៣ពាន់លានដុល្លារអាមេរិក) អំឡុងពេល៥ខែនេះ។
សន្ទស្សន៍បរិយាកាសអភិវឌ្ឍន៍អចលនទ្រព្យ ដែលប្រមូលចងក្រងដោយការិយាល័យជាតិស្ថិតិចិន (NBS) ស្ថិតក្នុងរង្វង់៩៥,៦ពិន្ទុក្នុងខែឧសភា៕ Xinhua៕