សម្តេច​តេ​ជោ៖ សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា ជា​រឿង​ច្រំ​ដែលនៃ​ប្រវត្តិសាស្ត្រ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ក្នុងនាម​ជា​ប្រទេស​តូច​មួយ ដែល​ស្រលាញ់​សន្តិភាព និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជា​ធិ​ប​តេ យ្យ កម្ពុជា​អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន នៅក្នុង​សហគមន៍​អន្តរជាតិ​បាន លុះត្រាតែ​មានការ​ធានាថា វិធាន​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ ត្រូវបាន​អនុវត្ត​ប្រកបដោយ​សមភាព។

សេចក្តីថ្លែងការណ៍​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុងឱកាស​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី ៧៥កាលពី​ថ្ងៃទី ២៦ ខែ កញ្ញា  ឆ្នាំ២០២០មកនេះ សម្តេច​បាន​សម្តែង​ការខកចិត្ត​ផងដែរ​ថា ប៉ុន្តែ​ប្រការ​គួរឱ្យ​សោកស្ដាយ គឺជារឿយៗ អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ និង​របៀបវារៈ​ឱកាសនិយម​លាក់ពុត របស់​ប្រទេស​មួយចំនួន កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេរ ដែល​ប្រកបដោយ​ល្បិចកល និង​ការសម្រេចចិត្ត​ដែលមាន​ភាព-លម្អៀង និង​មាន​ចេតនា​នយោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បន្តថា “រឿង​អយុត្តិធម៌​នេះ រំលឹក​ខ្ញុំ​អំពី “ស្លាកស្នាម” ប្រវត្តិសាស្ត្រ ។ ប្រមាណ​ជាង ៤០ឆ្នាំមុន កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុ​ជាជាង២លាន​នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ដៃ​របប​ដ៏​ព្រៃផ្សៃ​នេះ។ សម្តេច​បន្តថា “អ្នក​រស់រានមានជីវិត​ទាំង​បាក់ស្បាត និង សល់​តែ​បាតដៃ​ទទេ គឺជា​អ្នក​ដែល​ស្ដារ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់ ។ អ្វីដែល​គួរឱ្យ​ហួសចិត្ត គឺ​អ្នក​ដែល​រស់រានមានជីវិត​ទាំងអស់នោះ បែរជា​ទទួលរង​ទណ្ឌកម្ម ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ ដែល​ថែមទាំង​បានអនុញ្ញាត​ឱ្យ​មេ​ពិឃាត​ខ្មែរក្រហម កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ” ។

រដ្ឋាភិបាល​ដដែល​ទាំងនោះ ដែល​បាន​ផ្សព្វផ្សាយ​ឥតឈប់ឈរ អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺជា​អ្នក​ដែល​បាន​រារាំង​ប្រជាជន​យើង ពី​ការទទួលបាន​ចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និង​ជាពិសេស​សុខសន្តិភាព​អស់​រយៈពេល​ជាង១២ឆ្នាំ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់ថា “ការណ៍​ដែល​សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា នៅពេលដែល​ប្រទេស​នេះ កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ” ។

សម្តេច​បានបញ្ជាក់​ទៀតថា ទោះបីជា​យ៉ាងណា កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល៤០ឆ្នាំ​កន្លងមកនេះ ក្នុងការ​ការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ នោះ​គឺ​ការការពារ​អធិបតេយ្យភាព និង​ថែរក្សា​សន្តិភាព ដែល​កសាងបាន​យ៉ាង​លំបាកលំបិន និង​ទទួលបាន​នូវ​ការ​សាទរ​ពេញទំហឹង ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត និង​កំពុងតែ​ងើបឈរ​ឡើងជា​ប្រជាជាតិ​មួយ ស្មើមុខ​មាត់ ស្មើភាព និង​ស្មើ​សិទ្ធ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់ និង សកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here